(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សាចំនួន ៥វត្ត និងមានសំណេះសំណាលចែកទាន ដល់ប្រជាពលរដ្ឋចំនួន ៦០គ្រួសារ ដែលពិធីនេះប្រារឰធ្វើនៅបរិវេណ វត្តអង្គតាភេម ឃុំស្រង់ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។

លោកអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា សន្តិភាព បានធ្វើឲ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើន ជាងនេះថែមទាំងបានជួយកសាង និងអភិវឌ្ឍន៍ចំពោះប្រទេសជាតិឥតឈប់ឈរឡើយ គ្រប់វត្តអារាមមានការរីកចម្រើនគួរឲ្យកក់សម្គាល់។

លោកអភិបាលខេត្តបានបន្ថែមដោយបញ្ជាក់ថា ក្នុងជាពុទ្ធបរិស័ទ្ធ កាន់ព្រះពុទ្ធសាសនា រាល់រដូវវស្សាមកដល់លោកបានដឹកនាំមន្ត្រីរាជការក្រោមឱវាទ នាំយកនូវទៀនចំណាំព្រះវស្សា រួមទាំងសម្ភារៈបរិក្ខា និងបច្ច័យមួយចំនួន វេប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាជាច្រើនវត្ត ហើយបើគិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទូទាំងខេត្តកំពង់ស្ពឺ មានវត្តចំនួន ៤១ ហើយ ដែលទទួលបានការប្រគេន។

ក្នុងឱកាសសំណេះណាលនោះដែរ លោកអភិបាលខេត្តកំពង់ស្ពឺ បានផ្តាំផ្ញើថា ពលរដ្ឋទាំងអស់បន្តចូលរួមដាំដុះដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ក្រៅអំពីដំណាំស្រូវ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ ជាងនេះចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងជំងឺអ៊ុតស្វា ព្រមទាំងជំងឺផ្សេងៗទៀតតាមរយ: ៣កុំ និង៣ការពារ ជាពិសេសត្រូវនាំកូនចៅ ទៅចាក់វ៉ាក់សាំង ពីដូសដំបូង រហូតដល់ដូសជំរុញឱ្យបានគ្រប់ៗ គ្នាផងដែរ៕