(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ញើសាររំលែកទុក្ខជូន នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ចំពោះមរណភាពឧបាសិកា ដុក ខែន ដែលត្រូវជាម្តាយ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញក្តីសោកស្តាយយ៉ាងដូច្នេះថា៖ ខ្ញុំ និងភរិយា មានក្តីរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឧបាសិកា ដុក ខែន ត្រូវជាម្តាយបង្កើត របស់ឯកឧត្តម នាយឧត្តមសេនីយ៍ បានទទួលមរណភាពនៅថ្ងៃអាទិត្យ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំ និងភរិយាសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារនៃសព ព្រោះការបាត់បង់ឧបាសិកា ដុក ខែន គឺជាការ
បាត់បង់នូវម្ដាយ ជីដូន ជីទួត ប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃចំពោះកូនចៅជាទីស្រឡាញ់។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឧបាសិកា ដុក ខែន សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕