(តាកែវ)៖ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ នៅព្រឹកទី៣១ ខែកក្ដដា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជាក្រោមអធិបតីភាព លោក ម៉ឹង វុធី ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានឃុំជ័យជោគ ស្រុកបុរីជលសារ ខេត្តតាកែវ និងមានការអញ្ជើញចូលរួមពី អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សឃុំ ប្រធានសាខាបក្សភូមិទាំង៧ ប្រធានសាខាបក្សតាមអង្គភាពក្នុងឃុំ សរុប ៣០ នាក់។

ថ្លែងនៅក្នុងឱកាសនោះលោក ម៉ឹង វុធី បានលើកឡើងប្រាប់សមាជិកគណបក្សពីអង្គសន្និបាតគណបក្សប្រជាជនកម្ពុជា ដែលបានគូសបញ្ជាក់ និងបង្ហាញអំពីសកម្មភាពការងារកសាងពង្រឹកបក្ស ការគ្រប់គ្រងសមាជិក ឲ្យមានជំនឿជឿជាក់លើការដឹកនាំរបស់គណបក្ស និងបញ្ហាប្រឈមនានា ពិសេសបទពិសោធន៍ ចំណុចខ្លាំង ខ្សោយក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅ និងមានការប្ដេជ្ញាបង្កើនសកម្មភាពអប់រំ ណែនាំ ដល់សមាជិកបក្សទាំងអស់ មានជំនឿជឿជាក់ ចូលរួមគាំទ្រគោលនយោបាយ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឆ្នាំ២០២៣ខាងមុខ។

នាឱកាសនេះ លោក ម៉ឹង វុធី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ពិសេសពីសំណាក់ លោកបណ្ឌិត ស៊ូ ភិរិន្ទ ប្រធានក្រុមការងារគណបក្សចុះចួយស្រុកបូរីជលសារ និង លោកកិត្តិនីតិកោសល្យបណ្ឌិត ប៊ិន ឈិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តតាកែវ ជូនដល់ អង្គសន្និបាតទាំងមូលផងដែរ។

លោក ម៉ឹង វុធី បានលើកឡើង និងបានថ្លែងអំណរគុណដល់ក្រុមការងារ សមាជិក សមាជិកាបក្សទាំងអស់ ដែលបានចូលរួមធ្វើអោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងទៅទទួលបានជោគជ័យគួរជាទីមោទនៈបំផុត ហើយលោកក៏បានធ្វើការណែនាំ និងរំលឹកដល់ក្រុមការងារគណបក្សទាំងអស់ ត្រូវបន្តធ្វើនូវសកម្មភាពឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីឆ្ពោះទៅការបោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ សម្រេចបានជោគជ័យជាបន្តទៅទៀត៕