(កំពត)៖ កូនដើមកោងកាងចំនួន ២០០០ដើម ត្រូវបានដាំនៅសហគមន៍នេសាទត្រពាំងសង្កែ ស្ថិតក្នុងភូមិសាស្ត្រឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ ពិធីកូនដើមកោងកាងនេះ បានធ្វើឡើង ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលខេត្ត សហគមន៍ និងសមាជិកសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សរុបជាង១០០នាក់ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។

នាឱកាសនោះដែរ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការរួមគ្នាដៃកូនឈើនេះ ដើម្បីបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ ក្នុងចំណោមសាធារណជន និងជាពិសេសចូលរួមបង្កើតភាពបៃតង បង្កើនភាពសម្បូណ៌បែបនៃជីវៈចម្រុះគ្រប់ប្រភេទជាពិសេសធនធានជលផល ជួយការពារបរិស្ថានតំបន់ឆ្នេរ និងជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

យោងតាមស្ថិតិកម្ពុជាមានព្រៃកោងកាង ប្រមាណជាង ៥,៦ ម៉ឺនហិកតា នៅក្នុងខេត្ត៤ នៃប្រទេសកម្ពុជា រួមមានខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ដែលជាខេត្តជាប់មាត់សមុទ្រ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងថា ដើមកោងកាង បច្ចុប្បន្ននេះកំពុងប្រឈមមុខនឹងបាត់បង់ ដោយសារតែកត្តាមនុស្ស និងកត្តាធម្មជាតិ ហើយកត្តាមនុស្សនៅតែជាកត្តាសំខាន់ ដែលនាំឱ្យមានការបាត់បងដើមកោងកាង។

ប្រឈមមុខជាមួយនឹងបញ្ហានេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ស្ថាប័នមានសមត្ថកិច្ចបានអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះជនល្មើស និងជាមួយគ្នានេះ ក៏ដាក់ចុះវិធានការសេដ្ឋកិច្ច ដើម្បីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋានសំដៅកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។

លោក នេត្រ ភក្ត្រា បានថ្លែងថា៖ «ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ បានពឹងលើព្រៃកោងកាង ដើម្បីប្រកបរបរចិញ្ចឹមជីវិត ដូចជានេសាទជាលក្ខណៈគ្រួសារ ឬនេសាទអាជីវកម្មខ្នាតតូច ឬការទាញបានផលពីទេសចរណ៍ធម្មជាតិ»។

បើតាម លោក ម៉ាត់ ហ៉ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត បានថ្លែងថា ព្រៃកោងកាងជាឆ្នាំងបាយរបស់ប្រជានេសាទ និងជាវីឡារបស់ជីវៈចម្រុះ។

លោកបន្តថា ចាប់តាំងពីឆ្នាំ២០១៤ មក សហគមន៍នេសាទត្រពាំងសង្កែបានរៀបចំជាតំបន់ទេសចរណ៍ធម្មជាតិ ដោយមានការគាំទ្រពីអាជ្ញាធរ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ គម្រោងធំរបស់សហគមន៍ផ្តោតលើការស្តារព្រៃកោង កាងឡើងវិញ។ តាំងពីឆ្នាំ២០១០មក សហគមន៍បានដាំដើមកោងកាងបានចំនួនជាង ៦០ម៉ឺនដើម។

ប្រធានសហគមន៍បានថ្លែងថា៖ «ការចូលរួមដាំដើមកោងកាងបានចូលរួម បង្កើតមុខរបរ ទប់ស្កាត់ចំណាកស្រុក និងជំរុញកុមារឱ្យចូលរៀន និងយើងបានរៀបចំផែនការរួមគ្នាកសាងរោងចក្រផលិតអុកស៊ីសែនធម្មជាតិ»

ចំណែកតំណាង លោក ឃីម ប៊ុនឡែន អនុប្រធានប្រតិបត្តិថ្នាក់ជាតិនៃ JCI Cambodia 2022 ក៏ដូចជា លោក ជា កុកម៉េង ប្រធានថ្នាក់តំបន់នៃ JCI Chaktomuk 2022 និងលោក លឹម វណ្ណនរៈ ប្រធានគម្រោង Let's Plant 2022 បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមដាំដើមកោងកាងដើម្បី ជួយដល់បរិស្ថាន និងដល់សហគមន៍។

គួរបញ្ជាក់ថា ការដាំដើមកោងកាងនេះ បានចូលរួមយ៉ាងសំខាន់ក្នុងការអភិរក្សធនធានធម្មជាតិ និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ព្រោះដើមកោងកាងជាអង្គរក្សសមុទ្រដ៏សំខាន់ ក្នុងការទប់ស្កាត់ខ្យល់ព្យុះ ទឹកជំនន់ បង្កើនទីជម្រកដល់ជីវៈចម្រុះទាំងអស់ ក៏ដូចជាការស្តារសេដ្ឋកិច្ច-សង្គម ជូនដល់ប្រជាជនតាមសហគមន៍ និងជាប្រជានេសាទ ដែលរស់នៅ និងប្រកបរបរនៅតាមតំបន់ឆ្នេសមុទ្រកម្ពុជា។

ការដាំស្តារព្រៃឡើងវិញ ជួយបង្កើនគម្របព្រៃឈើដែលជាទីជម្រកដ៏សំខាន់របស់ជីវៈចម្រុះ ដើម្បីចូលរួមអភិរក្សពូជមច្ឆជាតិជាពិសេសកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសង្គម៕