(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសេចក្តីក្តុកក្តួល និងសោកស្ដាយឥតឧបមា ដោយទទួលដំណឹងដ៏ក្រៀមក្រំថាឧបាសិកា ដុក ខែន ត្រូវជាម្តាយ ម្តាយក្មេករបស់ នាយឧត្តមសេនីយ៍ ជៀង អំ និងភរិយា ទទួលមរណភាព។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ស្ថិតក្នុងវេលាដ៏សោកសង្រេង និងក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមចូលរួមរំលែកមរណទុក្ខ ជាមួយឯកឧត្តមនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា ដុក ខន បានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»

សូមបញ្ជាក់ថា ឧបាសិកា ដុក ខែន ត្រូវជាម្តាយ ម្តាយក្មេករបស់ នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រី នាង សេដ្ឋា បានទទួលមរណភាព នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដោយរោគាពាធ វេលាម៉ោង ០៩:៤៥ ព្រឹក នៅថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៨៩ឆ្នាំ។

បច្ចុប្បន្នសពលោកយាយសឧបាសិកា ដុក ខែន ត្រូវបានរៀបចំតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានរបស់ នាយឧត្តមសេនីយ៍ ជៀង អំ ស្ថិតនៅក្នុងភូមិទួលតាកែវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង (ខាងកើតវត្តទួលតាកែវ)។