(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានចុះឈ្មោះចូលរួមយកព័ត៌មានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th and Related Meetings) ជាង ៦០០នាក់ហើយ ដែលក្នុងនោះអ្នកសារព័ត៌មានអន្តរជាតិមាន២៥០នាក់។ នេះបើតាមការផ្សាយរបស់វិទ្យុជាតិកម្ពុជា។

ថ្លែងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារសុខារាជធានីភ្នំពេញ ដែលជាកន្លែងរៀបចំកិច្ចប្រជុំក្របខ័ណ្ឌអាស៊ានដ៏សំខាន់នេះ លោក ផុស សុវណ្ណ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានឲ្យដឹងថា «គិតត្រឹមថ្ងៃទី៣០ ខែកក្កដា មានអ្នកសារព័ត៌មាន ចំនួនជាង ៦០០នាក់ ដោយក្នុងនោះជនបរទេសមានចំនួនជាង ២៥០នាក់ បានចុះឈ្មោះមក អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន»

លោក ផុស សុវណ្ណ បានបន្តថា សម្រាប់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានត្រៀមមន្ត្រី និងបុគ្គលិកចំនួន ៧០រូប ដើម្បីជួយសម្របសម្រួលដល់អ្នកសារព័ត៌មាននៅក្នុងកិច្ចប្រជុំនេះ ហើយក៏មានការរៀបចំជាមណ្ឌលព័ត៌មានមួយ សម្រាប់អ្នកសារព័ត៌មានផងដែរ។ លោកបានបញ្ជាក់ថា មណ្ឌលព័ត៌មាននេះ ក៏នឹងត្រៀមចែកចាយជូននូវរូបភាព និងវីដេអូមួយចំនួនដល់អ្នកសារព័ត៌មាន ហើយក៏អាចទាញយកនៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ផងដែរ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ផ្ទាល់។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន៖

* កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
* ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស
* រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥
* សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនារបស់អាស៊ាន
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២៣
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៉ី-បូព៌ា លើកទី១២
* កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩។

សូមជម្រាបថា AMM ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៦៧ ដោយសេចក្ដីថ្លែងការណ៍ រាជធានីបាងកកបន្ទាប់ពីអាស៊ានត្រូវបានបង្កើតឡើង។ AMM ប្រជុំយ៉ាងហោចណាស់ ៤ដង ក្នុងមួយឆ្នាំ ហើយអាចកោះប្រជុំពិសេសនៅពេលចាំបាច់ ដើម្បីពិភាក្សាអំពីបញ្ហា ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ទាន់ ពីអាស៊ាន។ AMM ពិនិត្យ និងពិភាក្សា ជាទៀងទាត់ អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងទិសដៅជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តទៅនៃទំនាក់ទំនងខាងក្រៅ របស់អាស៊ាន។

កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំ AMM កាលពីឆ្នាំ២០០២ និង ២០១២៕