(មណ្ឌលគិរី)៖ ខេត្តមណ្ឌលគិរី ស្ថិតនៅភូមិភាគឦសាន នៃប្រទេសកម្ពុជា មានចម្ងាយផ្លូវប្រវែងចំនួន៣៨២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តជាយដែនមួយនេះមានផ្ទៃដីសរុបចំនួន ១៤,២៨៨គីឡូម៉ែត្រក្រឡា ផ្ទៃដីគ្របដណ្តប់ដោយព្រៃឈើប្រជុំភ្នំ និងខ្ពង់រាបសម្បូរដោយជ្រលងដងអូរជាច្រើន។

សម្រាប់ខេត្តមណ្ឌលគិរី មានព្រៃឈើគ្រប់ដណ្តប់លើផ្ទៃដី១,៣សែនហិកតា ក្នុងមានតំបន់ការពារធម្មជាតិចំនួន៥ និងរបៀងអភិរក្សជីវៈចម្រុះឦសានចំនួន១ ក្នុងនោះរួមមានទី១៖ ដែនជម្រកសត្វព្រៃកែវសីមា មានផ្ទៃដី ២៩២,៦៩០ហិកតា, ទី២៖ ដែនជម្រកសត្វព្រៃភ្នំព្រេច មានផ្ទៃដី ២២២,៥០០ហិកតា, ទី៣៖ ដែនជម្រកសត្វព្រៃភ្នំណាមលៀរ មានផ្ទៃដី ៤៥,៩៥៩ហិកតា, ទី៤៖ ដែនជម្រកសត្វព្រៃស្រែពក មានផ្ទៃដី ៣៧២,៩៧១ហិកតា, ទី៥៖ ដែនជម្រកសត្វព្រៃលំផាត់ (ភូមិសាស្ត្រមណ្ឌលគិរី) មានផ្ទៃដី ៤៨,៣៧៤ហិកតា និងរបៀងអភិរក្សជីវៈចម្រុះឦសាន មានផ្ទៃដី ១៧៧,៨៧៦ហិកតា។

ដែនជម្រកសត្វព្រៃមានផ្ទៃធំជាងគេនៅកម្ពុជានេះ ក៏ត្រូវបានក្រុមមន្ត្រីជំនាញ និងអ្នកអភិរក្សក៏បានបង្ហាញពីក្តីព្រួយបារម្ភជុំវិញវត្តមានអន្ទាក់កាន់តែច្រើនឡើងត្រូវបានក្រុមព្រានព្រៃ បានយកដាក់ក្នុងព្រៃ ដើម្បីចាប់សត្វព្រៃគ្រប់ប្រភេទជាដើម។

ជុំវិញសក្តានុពលធនធានធម្មជាតិដ៏មហាសាលនាភូមិភាគឦសាននេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានឱ្យដឹងថា គ្រាន់តែដែនជម្រកសត្វព្រៃកែវសីមា គឺជាទីកន្លែងដ៏មានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វដំរីអាស៊ី សត្វពានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស កង្កែបដុះស្នែងអូររាំង ប្រភេទមាំសាសី និងប្រភេទសត្វស្លាបជាច្រើនប្រភេទដែលក្នុងនោះប្រភេទសត្វ និងរុក្ខជាតិចំនួន ៧៥ប្រភេទ ជាប្រភេទរងការគំរាមកំហែងស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។

លោក នេត្រ ភក្រ្តា បានថ្លែងថា ដែនជម្រកសត្វព្រៃកែវសីមា មិនត្រឹមតែជាដែនជម្រកសត្វព្រៃដែលមានព្រៃស្រោង និងអាចលក់ឥណទានកាបូននោះទេ តែជាតំបន់ការពារធម្មជាតិដែលមានសារៈសំខាន់កម្រិតអន្តរជាតិ ក្នុងការអភិរក្សសត្វព្រៃ និងជីវៈចម្រុះជាច្រើនទៀត។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តថា ជាមួយប្រភេទសត្វរុក្ខជាតិ និងបុចផសិត (fungi species) (ជាប្រភេទផ្សិតម្យ៉ាង) ចំនួន ៩៥៩ប្រភេទ ដែលជារបកគំឃើញនៃការសិក្សាស្រាវជ្រាវ និងបានកត់ត្រាដោយក្រុមសិក្សាស្រាវជ្រាវរបស់អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) និងមន្ត្រីគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមា នាពេលថ្មីៗនេះ បានធ្វើឱ្យដែនជម្រកសត្វព្រៃកែវសីមា ក្លាយជាតំបន់ការពារធម្មជាតិមួយដែលមានធនធានជីវៈចម្រុះសម្បូណ៌បែបជាងគេក្នុងចំណោមតំបន់ការពារធម្មជាតិផ្សេងទៀតក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រៅពីដែនជម្រកសត្វព្រៃកែវសីមានេះ ខេត្តមណ្ឌលគិរី ក៏មានដែនជម្រកសត្វព្រៃផ្សេងៗទៀត ដែលសម្បុរទៅដោយប្រភេទសត្វព្រៃកម្រ និងជិតពូជ កំពុងមានវត្តមាននៅក្នុងព្រៃ ព្រមទាំងមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន និងទីតាំងទឹកធ្លាក់ជាដើម។

ប្រធានយុទ្ធនាការអន្ទាក់សូន្យរូបនេះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបញ្ចប់ការដាក់អន្ទាក់ ឈប់បរិភោគសាច់សត្វ ហើយងាកមករួមគ្នាមកអភិរក្សសត្វព្រៃដ៏មានតម្លៃមហាសាលមិនកាត់បាននេះបន្តទៀត សម្រាប់បម្រើលើវិស័យទេសចរណ៍ដែលជាប្រភពចំណូលមិនចេះរីងស្ងួតជូនជាតិមាតុភូមិ និងក៏ដូចជាបន្សល់ទុកសម្រាប់ក្មេងៗសម័យក្រោយបានស្គាល់ផងដែរ។

សូមជម្រាបថា ក្រសួងបរិស្ថាន និងអង្គការអន្តរជាតិដៃគូ បានបើកយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តមណ្ឌលគិរី ដែលជាខេត្តទី៤ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ថ្មីៗនេះ៕