(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សមាជិក សមាជិកា នៃសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។

តាមរយៈញត្តិគាំទ្ររបស់ខ្លួន សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានមើលឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជាការអនុវត្តនូវរបបប្រជាធិបតេយ្យសេរីពហុបក្ស និងស្របតាមស្មារតីនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដោយធានាបានដល់ស្ថាប័នកំពូលរបស់ជាតិ ឱ្យដំណើរការប្រព្រឹត្តទៅដោយរលូន និងមិនអាចជាប់គាំងនូវវិបត្តិនយោបាយរបស់ប្រទេសជាតិគ្រប់កាលៈទេសៈសម្រាប់ការបង្កើតរាជរដ្ឋាភិបាល។ ជាពិសេសជាការធានាឱ្យរាជរដ្ឋាភិបាលអាចមានដំណើរការ ការងារប្រព្រឹត្តទៅដោយរលូន និងនិរន្តរភាព ដែលជាតម្រូវការរបស់ប្រទេសជាតិ និងជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ដែលមានបទពិសោធន៍ធ្លាប់ឆ្លងកាត់នាពេលកន្លងមកនូវការជាប់គាំងខាងនយោបាយ ឬអស្ថេរភាពនយោបាយ គឺប្រទេសជាតិ និងប្រជាជន ជាអ្នកខាត់បង់ និងរងផលប៉ះពាល់ ហើយប្រជាជនកម្ពុជា ក៏ពុំចង់ឃើញស្ថានភាពបែបនេះ កើតឡើងជាថ្មីច្រំដែលនោះឡើយ។

ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សមាជិក សមាជិកា នៃសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា គាំទ្រយ៉ាងឱឡារិក ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ និងមានសង្ឃឹមយ៉ាងមុតមាំថា គ្រប់ស្ថាប័នជាតិទាំងអស់ នឹងបន្តអនុវត្តយ៉ាងពេញលេញនូវរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសបន្តគាំទ្រ និងចូលរួមថែរក្សា ការពារសុខសន្តិភាព និងស្ថេរភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តនូវការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសតរៀងទៅ៕