(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៉ីលីដា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។

សារលិខិតរបស់លោកបណ្ឌិត អ៉ិន ចាន់នី បានបញ្ជាក់យ៉ាងដូច្នេះថា «តាងនាមថ្នាក់គ្រប់គ្រង ព្រមទាំងកម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាំងអស់ ខ្ញុំមានសេចក្តីរំជួលចិត្ត សោកស្តាយ និងសូមសំដែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុត ដោយបានទទួលដំណឹងថា លោកជំទាវ នាវ ច័ន្ទថាណា បានទទួលមរណភាព នៅថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៦៖៥០នាទីព្រឹក នៅប្រទេសអូស្ត្រាលី ក្នុងជន្មាយុ ៦៨ឆ្នាំ។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ថ្នាក់គ្រប់គ្រង និងកម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ សូមអនុញ្ញាតចូលរួមរំលែកមរណទុក្ខជាមួយ ឯកឧត្តម និងក្រុមគ្រួសារ ចំពោះការបាត់បង់ ភរិយា ម្តាយ ម្តាយក្មេក និងជីដូន ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា។

ខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ នាវ ច័ន្ទថាណា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ»។

សូមជម្រាបថា លោកស្រី លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានទទួលមរណភាព នៅវេលាម៉ោង៦៖៥០នាទីព្រឹក ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ៦៨ឆ្នាំ៕