(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ លោកស្រី ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។

នៅក្នុងជំនួបនេះ លោកស្រី ង្វៀន ធីថាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែល សម្តេចប្រធានរដ្ឋសភា បានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកទទួលជួបគណៈប្រតិភូ របស់លោកស្រីនាឱកាសនេះ ប្រកបដោយការទទួលបដិសណ្ឋាការកិច្ចយ៉ាងកក់ក្តៅជាទីបំផុត។

លោកស្រីប្រធានគណៈប្រតិ ចូលរួមអបអរសារទរចំពោះការអភិវឌ្ឍឥតឈររបស់កម្ពុជាលើគ្រប់វិស័យ ទោះបីនៅក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ-១៩យ៉ាងណាក្តី។

ឆ្លៀតឱកាសនោះ លោកស្រី ង្វៀន ធីថាញ់ បានរាយការណ៍ជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អំពីការវិវិឌ្ឍន៍ថ្មីៗនៅក្នុងប្រទេសវៀតណាម ក៏ដូចជាកិច្ចការរបស់រដ្ឋសភាវៀតណាម ដែលបានអនុវត្តនាពេលកន្លងមក និងកិច្ចសហប្រតិបត្តិការរវាង សមាគមមិត្តភាព នៃប្រទេសទំាងពីរ វៀតណាម-កម្ពុជាផងដែរ។

លោកស្រីបានគូសបញ្ជាក់ថា វៀតណាមមិនខុសពីកម្ពុជា និងបណ្តាប្រទេសនានាទូទំាងពិភពលោកនោះទេ បានទទួលរងនូវការរាតត្បាតពីជំងឺកូវីដ-១៩ តែទោះជាយ៉ាងណាបក្ស រដ្ឋ និងប្រជាជនវៀតណាម បានខិតខំប្រយុទ្ធប្រឆាំងជំងឺនេះនៅក្នុងការស្តារសេដ្ឋកិច្ច និងសង្គមវៀតណាមឡើងវិញ ដែលជាលទ្ធផលនៅឆ្នាំ២០២១ ស្ថានភាព GDP របស់វៀតណាមមានកំណើតចំនួន៣% ហើយនៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០នេះ កើនបាន៧%។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី នាពេលនេះ ស្របពេលដែលអង្គភាព និងស្ថាប័នផេ្សងៗនៃប្រទេសទាំងពីរ បាននិងកំពុងធ្វើកម្មវិធីផ្សេងៗ ក្នុងការអបអរសាទរខួបទី៥៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម។

សម្តេចបានគូសបញ្ជាក់ថា សមាគមមិត្តភាពវៀតណាម-កម្ពុជា ជាតួអង្គដ៏មានសារៈសំខាន់មួយ នៃការរួមចំណែកផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរអោយកាន់តែរឹងមាំ និងស្ថិតស្ថិរយូរអង្វែង តាមបំណងប្រាថ្នានៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។

សម្តេចប្រធានរដ្ឋសភា បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេង ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម សម្រេចបាន ក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានការអភិវឌ្ឍជឿនលឿនយ៉ាងឆាប់រហ័ស។ ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់បក្សកម្មុយនីស្តវៀតណាម ប្រជាជនវៀតណាម នឹងបន្តទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងការអភិវឌ្ឍប្រទេសជាតិ កាន់តែរុងរឿងថែមទៀត ហើយកិត្យានុភាព ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ នៅលើឆាកអន្តរជាតិ។

នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជំរុញលើកទឹកចិត្តដល់សមាគមមិត្តភាពនៃប្រទេសទាំងពីរ បន្តពង្រឹងនិងពង្រីកសកម្មភាព និងកិច្ចសហប្រតិបត្តិការរបស់ខ្លួនលើវិស័យសំខាន់ៗ ក្រៅពីសង្គម និងមនុស្សធម៌ រួមមានវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងវិទ្យាសាស្ត្រជាដើម៕