(ភ្នំពេញ)៖ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បាននិងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។

ចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានចាត់តំណាងដែលមានឋានៈត្រឹមតែឯកអគ្គរដ្ឋទូតរបស់ខ្លួន ដែលប្រចាំនៅកម្ពុជាប៉ុណ្ណោះ មកចូលរួមកិច្ចប្រជុំ ក្នុងក្របខ័ណ្ឌអាស៊ានដ៏សំខាន់មួយនេះ។ នេះបើតាមលោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ថ្លែងនារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលព័ត៌មាន សណ្ឋាគារសុខា រាជធានីភ្នំពេញ អ្នកនាំពាក្យផ្លូវការពាក់ព័ន្ធនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងតំណាងកូរ៉េខាងជើង ឯកអគ្គរដ្ឋទូតរបស់គាត់ប្រចាំកម្ពុជា នឹងចូលរួមជំនួស»

បើនិយាយពីរដ្ឋមន្ត្រីការបរទេសអាស៊ាន គឺមានរដ្ឋមន្ត្រីការបរទេស ២នាក់ ដែលត្រូវអវត្តមានក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ ក្នុងនោះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានឆ្លងជំងឺកូវីដ១៩ ដែលមិនអាចធ្វើដំណើរមកបាន ខណៈមីយ៉ាន់ម៉ាបានពហិការមិនចូលរួម ដោយសារអាស៊ានប្រាប់ឲ្យបញ្ជូនតំណាង ត្រឹមកម្រិតមិនមែននយោបាយមកចូលរួម។

ទោះជាយ៉ាងនេះក្តី អនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីន ទទួលបន្ទុកទំនាក់ទំនងទ្វេភាគី និងកិច្ចការអាស៊ាន ត្រូវបានរដ្ឋាភិបាលរបស់ខ្លួន ចាត់ឲ្យជំនួសរដ្ឋមន្ត្រីការបរទេស។

សូមជម្រាបថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៦៧ ដោយសេចក្ដីថ្លែងការណ៍ រាជធានីបាងកកបន្ទាប់ពីអាស៊ានត្រូវបានបង្កើតឡើង។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ប្រជុំយ៉ាងហោចណាស់ ៤ដង ក្នុងមួយឆ្នាំ ហើយអាចកោះប្រជុំពិសេសនៅពេលចាំបាច់ ដើម្បីពិភាក្សាអំពីបញ្ហា ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ទាន់ ពីអាស៊ាន។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ពិនិត្យ និងពិភាក្សា ជាទៀងទាត់ អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងទិសដៅជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តទៅនៃទំនាក់ទំនងខាងក្រៅ របស់អាស៊ាន។

កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីឆ្នាំ២០០២ និង ២០១២៕