(ភ្នំពេញ)៖ ពិធីជប់លៀងសប្បុរសធម៌ដែលរៀបចំឡើង ដោយសភាពាណិជ្ជកម្មម៉ាឡេស៉ីនៃប្រទេសកម្ពុជា (MBCC) សហការជាអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ (CMAA) បានបង្ហាញនូវភាពជោគជ័យយ៉ាងធំធេងដោយមានអ្នកចូលរួមប្រមាណ ៥០០ នាក់។

ក្នុងពិធីជប់លៀងសប្បុរសធម៌ ដែលបានធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ថវិកាប្រមាណ ៦៧,៧០០ ដុល្លារអាមេរិក ត្រូវបានរៃអង្គាស សម្រាប់ការបោសសម្អាតមីននៅភូមិមួយក្នុងខេត្តកំពង់ស្ពឺ។ អញ្ញើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងរាត្រីនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឧបត្ថម្ភថវិកាចំនួន ១០,០០០ ដុល្លារមេរិក បន្ថែមទៀត ដែលធ្វើឲ្យថវិកាសរុបកើនដល់ ៧៧,៧០០ ដុល្លារអាមេរិក។

ព្រឹត្តិការណ៍នេះ ជាកម្មវិធីលើកដំបូងដែលធ្វើឡើងដោយសភាពាណិជ្ជកម្មម៉ាឡេស៉ីនៃប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀតដែលបានបន្សល់ទុកនៅ ក្រោយសង្គ្រាមរាប់ទសវត្សរ៍នៅប្រទេសកម្ពុជា។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ លោកឧកញ៉ា Tan Khee Meng ប្រធាន MBCC បានឲ្យដឹងថា សំបុត្រទាំងអស់ត្រូវបានលក់អស់ក្នុងមួយសប្តាហ៍មុនព្រឹត្តិការណ៍នេះ ដោយអ្នករៀបចំបានបញ្ជាក់ថា MBCC ត្រូវបង្កើនចំនួនតុពីរដង ដោយសារកំណើននៃអ្នកដែលចង់ចូលរួម។

កម្មវិធីនេះត្រូវបានរៀបចំឡើងចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ១០ យប់នៅសាលមហោស្រព NAGA Ballroom ដែលក្នុងកម្មវិធីនោះ បានទទួលភ្ញៀវប្រហែល ៥០០ នាក់ ដែលបានចែករំលែកទស្សនៈវិស័យតែមួយ៖ កម្ពុជាគ្មានគ្រាប់មីនក្នុងឆ្នាំ ២០២៥។ ព្រឹត្តិការណ៍នេះមានការសម្តែងពីក្រុម Medha ដែលជាក្រុមវាយស្គរនារីដំបូងគេរបស់កម្ពុជា ក្នុងចំណោមក្រុមផ្សេងៗទៀត។

អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសមាន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ CMAA លោក លី ធុជ និងលោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៉ីប្រចាំកម្ពុជា។

ក្នុងសុន្ទរកថាស្វាគមន៍ ឧកញ៉ា Tan Khee Meng បានថ្លែងថា វាជាមោទនភាពដ៏ធំធេងសម្រាប់ MBCC ក្នុងការផ្តល់អំណោយដល់សង្គមតាមរយៈការដោះស្រាយបញ្ហាមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀត ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសរាប់មិនអស់ ទន្ទឹមនឹងនេះ វាបានទប់ស្កាត់ដលើការបង្កបង្កើនផលពីការដាំដុះ នៅលើផ្ទៃដីមួយភាគធំ។

លោកបានបន្តថា «យើងត្រូវធ្វើអ្វីមួយដើម្បីជួយដល់អ្នកដែលកំពុងរស់នៅក្នុងតំបន់ដែលមានមីន ដើម្បីឲ្យពួកគេអាចផ្លាស់ទីដោយសេរី និងធ្វើការបង្កបង្កើនផលបន្ថែមទៀតដើម្បីឲ្យពួកគេអាចទទួលបានអត្ថប្រយោជន៍ពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ អ្នករាល់គ្នាអាចចូលរួមចំណែកក្នុងបញ្ហានេះ មិនថាជាបុគ្គល ឬជាសមូហភាព ហើយដោយការដឹកនាំគំនិតផ្ដួចផ្ដើមនេះ យើងសង្ឃឹមថា វានឹងបង្កើតឥទ្ធិពលលើសពីអ្វីដែលបានផ្តល់ឲ្យក្នុងអាហារពេលល្ងាចនេះ»

លោក លី ធុជ បានថ្លែងថា លោកមានអារម្មណ៍ដឹងគុណយ៉ាងធំធេងចំពោះ MBCC សម្រាប់គំនិតផ្ដួចផ្ដើមនេះ។

លោកបានបន្តថា «ការបោសសម្អាតមីន ជាការងារពិបាក និងចំណាយប្រាក់ដ៏ច្រើន។ គ្រាប់មីន និង គ្រាប់មីនមិនទាន់ផ្ទុះផ្សេងទៀតនៅតែបង្កឲ្យមនុស្សស្លាប់ និងរងទុក្ខវេទនា»

«ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ មិនពិតជាមិនអាចបំភ្លេចបាន។ យើងសូមអរគុណចំពោះពាណិជ្ជករ និងដៃគូដែលបានចូលរួមចំណែកក្នុងការផ្តួចផ្តើមគំនិត បន្ថែមពីលើការផ្តល់ឱកាសសេដ្ឋកិច្ច និងការងារក្នុងប្រទេសកម្ពុជា»។ នេះជាការថ្លែងបន្ថែម ពីលោក លី ធុជ។

ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ MBCC ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់ខ្លួន សម្រាប់ការជួយដល់ជីវិតមនុស្សរាប់ពាន់នាក់។

លោកបានបន្តថា «រួមគ្នា ការខិតខំប្រឹងប្រែងរបស់យើងនៅទីនេះនឹងបង្ហាញអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រទេសកម្ពុជា និងសម្រាប់ប្រជាជនកម្ពុជាជំនាន់ក្រោយ»

ប្រាក់ចំណូលទាំងអស់ពីកម្មវិធីសប្បុរសធម៌នេះនឹងទៅយកទៅប្រើប្រាស់សម្រាប់ការបោសសម្អាតមីន នៅខេត្តកំពង់ស្ពឺ។

ថ្លែងក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតម៉ាឡេស៉ីប្រចាំកម្ពុជា លោក Eldeen Husaini បានឲ្យដឹងថា ពិធីជប់លៀងសប្បុរសធម៌ MBCC គឺជាសកម្មភាពសប្បុរសធម៌ដែលមិនអាចកាត់ថ្លៃបាន។

លោកបានបន្តថា «នេះជាការឆ្លុះបញ្ចាំងពីសាមគ្គីភាពរបស់ប្រជាជនម៉ាឡេស៉ីក្នុងការជួយប្រជាជនកម្ពុជា។

លោកបន្តទៀតថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការបន្តធ្វើឲ្យជីវភាពប្រជាជនកាន់តែប្រសើរឡើង ដោយសារប្រជាពលរដ្ឋនៅតែរងគ្រោះដោយសារគ្រាប់មីន។ យើងនឹងមិនបញ្ឈប់ត្រឹមនេះទេ យើងនឹងបន្តជួយកម្ពុជាឲ្យក្លាយជាប្រទេសដែលគ្មានគ្រាប់មីននៅឆ្នាំ២០២៥»

គ្រាប់មីនប្រមាណ ៤ ទៅ ៦ លានគ្រាប់ និង UXO ផ្សេងទៀត ត្រូវបានទុកចោលពាសពេញប្រទេសបន្ទាប់ពីសង្រ្គាមរយៈពេលបីទសវត្សរ៍ក្នុងប្រទេសកម្ពុជាបានបញ្ចប់ នៅឆ្នាំ១៩៩៨។

យោងតាម CMAA ប្រទេសកម្ពុជាបានបោសសម្អាតគ្រាប់មីន និងសំណល់សង្គ្រាម (ERW) លើផ្ទៃដីទំហំ ២,៣៧៩ គីឡូម៉ែត្រការ៉េ ដោយបានបំផ្លាញមីន ជាងមួយលានគ្រាប់ មីនប្រឆាំងរថក្រោះជាង ២៦,០០០ និងគ្រាប់ ERW ជិតបីលាន នៅចន្លោះឆ្នាំ ១៩៩២ និងខែមេសា ឆ្នាំ២០២២។

ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលនៅខ្វះថវិកាជាង ៦៥ លានដុល្លារអាមេរិកទៀត ដើម្បីបោសសម្អាតគ្រឿងផ្ទុះដែលនៅសេសសល់ និងបង្កើតដីស្រែចំការជូនប្រជាពលរដ្ឋ៕