(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាមន្ត្រីជាន់ខ្ពស់នគរបាលជាតិ បានចេញមកបញ្ជាក់ថា ម្ចាស់យានយន្តអាចច្បាប់ថតចម្លងដាក់តាមខ្លួន សម្រាប់បណ្ណសម្គាល់យានជំនិះ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកយានយន្ត (ឆៀក)។ ប៉ុន្តែបណ្ណបើកបរមិនអាចប្រើច្បាប់ថតចម្លងបាននោះឡើយ គឺត្រូវតែប្រើច្បាប់ដើម។

ការចេញមកបញ្ជាក់ព្រមគ្នារបស់មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជាន់ខ្ពស់នគរបាលជាតិនេះ បានកើតមានឡើងក្រោយពីម្ចាស់យានយន្តជាច្រើននាំគ្នាសម្តែងការប្រតិកម្មពាក់ព័ន្ធការកំណត់ឱ្យដាក់ច្បាប់ដើមតាមខ្លួន សម្រាប់បណ្ណសម្គាល់យានជំនិះ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកយានយន្ត ក៏ដូចជាបណ្ណបើកបរ។

មន្ត្រីជាន់ខ្ពស់នៃស្ថាប័នទាំងពីរ បានថ្លែងប្រាប់ Fresh News ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញថា យោងទៅតាមច្បាប់ និងអនុក្រឹត្យស្តីពីចរាចរណ៍ផ្លូវគោក គឺតម្រូវឱ្យដាក់ច្បាប់ដើមតាមខ្លួនសម្រាប់ឯកសារទាំង៣ខាងលើនេះ។ ក៏ប៉ុន្តែដោយពិនិត្យឃើញពីឧបសគ្គមួយចំនួនរបស់ម្ចាស់យានយន្ត គឺកម្លាំងនគរបាលចរាចរណ៍មានការអនុគ្រោះចំពោះ បណ្ណសម្គាល់យានជំនិះ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកយានយន្ត គឺអាចប្រើច្បាប់ថតចម្លង។

ទន្ទឹមនឹងនេះ ក្រសួងពាក់ព័ន្ធ ក៏នឹងពិនិត្យពីការកែសម្រួលច្បាប់ និងអនុក្រឹត្យពាក់ព័ន្ធផងដែរ ព្រោះមន្ត្រីអនុវត្តន៍ច្បាប់មិនអាចអនុវត្តន៍អ្វីដែលផ្ទុយពីច្បាប់បានកំណត់នោះឡើយ។

តែទោះជាយ៉ាងណា សម្រាប់បណ្ណបើកបរ គឺមិនអាចប្រើច្បាប់ថតចម្លងបាននោះឡើយ គឺត្រូវតែប្រើច្បាប់ដើម៕