(ភ្នំពេញ)៖ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៧៦.៨៧% គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ក្នុងនោះការងារផ្លូវសម្រេចបាន ៧២.៤៦% ការងារស្ពានរំលង (Flyover) សម្រេចបាន ៦៩.៩០% និងការងារស្ពានសម្រេចបាន ៩៥.៩៨%។ នេះបើយោងតាម របាយការណ៍វឌ្ឍនភាពការងាររបស់អង្គភាពអនុវត្តគម្រោង (PIU) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ដែរថា ផ្លូវក្រវាត់ក្រុងមួយខ្សែនេះចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូន រវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវមេ)។

ពិសេសជាងនេះទៅទៀត ខ្សែផ្លូវនេះក៏បានភ្ជាប់ទៅចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វ័យតភ្នំពេញ នៅក្នុងស្រុកកៀនស្វាយ ក៏ដូចជាបំពេញឱ្យការ តភ្ជាប់ផ្លូវអាស៊ាន ហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គផងដែរ។

គួររំលឹកដែរថា គម្រោងផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដែលអនុវត្តការងារសាងសង់ ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧.៦៧លានដុល្លារអាមេរិក និងអនុវត្តការងារត្រួតពិនិត្យគម្រោងដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd. ក្នុងតម្លៃ ៥.៣៨លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕