(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ (55th AMM and Related Meetings) នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការ តំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៉ីអាគ្នេយ៍ (SEANWFZ) ។

កិច្ចប្រជុំនេះ មានការចូលរួមពី រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ និងអគ្គលេខាធិការអាស៊ានផងដែរ ខណៈហ្វីលីពីនបានបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសមក ដោយសាររដ្ឋមន្ត្រីការបរទេសឆ្លងជំងឺកូវីដ១៩ ខណៈមីយ៉ាន់ម៉ាបានពហិការមិនចូលរួម ក្រោយអាស៊ានឲ្យបញ្ជូនត្រឹមតំណាងមិនមែននយោបាយមក។

គួរជម្រាបថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៥ រដ្ឋសមាជិកអាស៊ានបានចុះហត្ថលេខាលើសន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៉ីអាគ្នេយ៍ (SEANWFZ Treaty) ដែលជាការប្តេជ្ញាចិត្ត រក្សាតំបន់អាស៉ីអាគ្នេយ៍ជាតំបន់គ្មាននុយក្លេអ៊ែរ និងអាវុធប្រល័យលោកដទៃទៀត។

សន្ធិសញ្ញានេះ ត្រូវបានគេស្គាល់ថាជាសន្ធិសញ្ញាបាងកក (Bangkok Treaty។ តាមរយៈសន្ធិសញ្ញានេះដែរ អាស៊ានបញ្ជាក់សារជាថ្មី អំពីសារៈសំខាន់នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT) ក្នុងការទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ និងក្នុងការរួមចំណែកឆ្ពោះទៅរកសន្តិភាព និងសន្តិសុខអន្តរជាតិ។

វាក៏កត់សម្គាល់ផងដែរ អំពីការបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរ (NWFZ) នៅអាស៉ីអាគ្នេយ៍ ដែលជាតំបន់មួយក្នុងចំណោម NWFZ ចំនួនប្រាំ នៅលើពិភពលោក។ NWFZ បួនផ្សេងទៀត គឺនៅអាមេរិកឡាទីន និងការ៉ាបង់ (Latin America) and the Caribbean), ប៉ាស៉ីហ្វិកខាងត្បូង (South Pacific) អាហ្រ្វិក (Africa) និងអាស៉ីកណ្តាល (Central Asia)។

សូមជម្រាបថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បាននិងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៦៧ ដោយសេចក្ដីថ្លែងការណ៍ រាជធានីបាងកកបន្ទាប់ពីអាស៊ានត្រូវបានបង្កើតឡើង។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ប្រជុំយ៉ាងហោចណាស់ ៤ដង ក្នុងមួយឆ្នាំ ហើយអាចកោះប្រជុំពិសេសនៅពេលចាំបាច់ ដើម្បីពិភាក្សាអំពីបញ្ហា ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ទាន់ ពីអាស៊ាន។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ពិនិត្យ និងពិភាក្សា ជាទៀងទាត់ អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងទិសដៅជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តទៅនៃទំនាក់ទំនងខាងក្រៅ របស់អាស៊ាន។

កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីឆ្នាំ២០០២ និង២០១២៕