(ភ្នំពេញ)៖ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា យើងរួមគ្នាដើរទៅមុខជានិច្ចដើម្បីអនាគតកុមារ និងយុវជនកម្ពុជា ចៀសផុតពីអំពើជួញដូរដ៏អមនុស្សធម៌។

ការថ្លែងបែបនេះ របស់ស្រីបណ្ឌិត សឿ សុជាតា បានធ្វើឡើងក្នុងឱកាសដឹកនាំប្រជុំពិនិត្យលទ្ធផលផលិតវីដេអូអប់រំ ពីចម្ងាយនូវមេរៀនទាំង១៩ នៃសៀវភៅការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងលំនាំនៃការបង្រៀននៅកម្រិតមធ្យមសិក្សាបឋមភូមិ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ។

ថ្លែងក្នុងនាមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាឱកាសនោះលោកបណ្ឌិត សឿ សុជាតា ក៏បានថ្លែងអំណរគុណដល់ក្រុមការងារតាក់តែងផលិតទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវ ស្មោះត្រង់ វិជ្ជាជីវៈ ពង្រឹងប្រសិទ្ធភាពចំណេះដឹង ដេីម្បីបង្ការទប់ស្កាត់អំពើជួញដូរ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

លោកស្រីបណ្ឌិត បានគូសបញ្ជាក់ថា៖ «យើងរួមគ្នាដើរទៅមុខជានិច្ចដើម្បីអនាគតកុមារ និងយុវជនកម្ពុជាចៀសផុតពីអំពើដ៏អមនុស្សធម៌នេះ ទោះបីយើងបានដឹង និងមើលឃើញថាការវាយតម្លៃរបស់សហរដ្ឋអាមេរិក មកលើយើងវាអយុត្តិធម៌យ៉ាងណាក៏ដោយហេីយបញ្ហាជួញដូរមនុស្ស និងបញ្ហាគ្រឿងញៀន ជាបញ្ហារួមរបស់យេីងទាំងអស់គ្នា»