(ភ្នំពេញ)៖ ភាពតានតឹងនៅកោះតៃវ៉ាន់ បានកើតឡើងជាថ្មីម្តងទៀត ពេលដែលលោកស្រី ផេឡូស៉ី ប្រធានសភាតំណាងរាស្ត្រអាមេរិក ចង់បំពេញទស្សនកិច្ចនៅដែនកោះមួយនេះ។ សកម្មភាពរបស់អាមេរិកចំពោះចិនបែបនេះដែរ បានបង្កើតជាភាពតានតឹងយ៉ាងខ្លាំង ហើយវាកើតឡើងស្របពេលដែលកម្ពុជា ធ្វើជាម្ចាសផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ហេតុនេះហើយបណ្តាប្រទេសនានាលើពិភពលោក សុទ្ធតែចង់ដឹងជំហររបស់កម្ពុជា ក្នុងនាមប្រធានអាស៊ាន ចំពោះបញ្ហាខាងលើ។

បើតាម លោកបណ្ឌិត គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងជាថ្មីថា «កម្ពុជារក្សាប្រកាន់គោលនយោបាយចិនតែមួយ»។ អ្នកនាំពាក្យផ្លូវការ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលថ្លែងក្នុងនាមកម្ពុជា បានសម្តែងក្តីព្រួយបារម្ភជាខ្លាំង ហើយលោកបានជំរុញភាគីពាក់ព័ន្ធទាំងអស់ ប្រើប្រាស់វប្បធម៌សន្ទនា ដើម្បីដោះស្រាយបញ្ហា ដែលកំពុងកើតមាននៅកោះតៃវ៉ាន់។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលប្រចាំថ្ងៃ នៃដំណើរការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ លោកបណ្ឌិត គង់ ភោគ បានបញ្ជាក់យ៉ាងដូច្នេះថា «ជំហររបស់កម្ពុជានៅតែមិនផ្លាស់ប្ដូរ។ យើងគោរពនូវគោលនយោបាយចិនតែមួយ ហើយយើងសង្ឃឹមថាភាគីទាំងអស់នឹងប្រកាន់ខ្ជាប់នូវគោលការណ៍ រួមទាំងឯកសារគន្លឹះដែលពួកគេបានយល់ព្រមរួចមកហើយ»

លោកបន្តថា «ជាការពិតណាស់ យើងមានការព្រួយបារម្ភចំពោះភាពតានតឹងដែលកំពុងកើតឡើងនៅកោះតៃវ៉ាន់។ យើងមិនចង់ឃើញ ស្ថានភាពបែបនេះទេ ព្រោះពិភពលោកកំពុងប្រឈមនឹងវិបត្តិជាច្រើនក្នុងពេលតែមួយ»

លោកបណ្ឌិត គង់ ភោគ បានថ្លែងទៀតថា ពិភពលោកទើបតែកំពុងជាសះស្បើយពីជំងឺរាតត្បាតជំងឺកូវីដ១៩ ហើយឥឡូវនេះក៏ជួបប្រទះនូវស្ថានភាពសន្តិសុខក្នុង និងក្រៅតំបន់ រួមទាំងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ ឥឡូវនេះ កម្ពុជាចង់ឃើញការបន្ធូរបន្ថយភាពតានតឹង ហើយកម្ពុជាសង្ឃឹមថា ភាគីទាំងអស់នឹងចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយសន្តិវិធី ព្រោះកម្ពុជាមិនគិតថា ទង្វើនៃសង្គ្រាម ឬការប្រើអំពើហិង្សា ឬការបង្កើនភាពតានតឹងនឹងនាំឱ្យខិតទៅរកដំណោះស្រាយនៃវិបត្តិទេ។

លោកបញ្ជាក់ទៀតថា «ដូច្នេះហើយ យើងបន្តជំរុញឱ្យភាគីជម្លោះទាំងអស់ចូលរួម និងការសន្ទនាប្រកបដោយសន្តិវិធី រួសរាយ បើកចំហ និងស្មោះត្រង់ ទើបអាចផ្សះផ្សាភាពខុសគ្នាបាន។ យ៉ាងហោចណាស់ ពួកគេអាចបង្កើតបរិយាកាសមួយផ្សេងទៀត ដូចជាការពិភាក្សាជជែកគ្នាអាចដោះស្រាយបញ្ហាបាន»

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ បាននិងកំពុងធ្វើឡើងនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។ មានរដ្ឋមន្រ្តីប្រទេសចំនួន៣៨ បានបញ្ជាក់អំពីវត្តមានរបស់ខ្លួន ប៉ុន្តែទោះជាយ៉ាងនេះក្តី ព័ត៌មានចុងក្រោយបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសហ្វីលីពីន ដែលជាសមាជិកអាស៊ាន មិនបានមកចូលរួមប្រជុំផ្ទាល់ឡើយ ដោយលោកបានឆ្លងជំងឺកូវីដ១៩ ប៉ុន្តែប្រទេសដែនកោះមួយនេះ បានចាត់តំណាងម្នាក់ដែលជាអនុរដ្ឋមន្រ្តីការបរទេស។ ចំណែកមីយ៉ាន់ម៉ា បានបោះបង់ឱកាស ដោយមិនបញ្ជូន ឥស្សរជនមិនមែនអ្នកនយោបាយ មកចូលរួមតាមការអញ្ជើញរបស់កម្ពុជាទេ។

កិច្ចប្រជុំថ្នាក់តំបន់ ដែលកម្ពុជាធ្វើជាប្រធានអាស៊ានជាលើកទី៣ ត្រូវបានរៀបចំឡើងខណៈដែលចិន និងអាមេរិក កំពុងមានភាពតានតឹងតាមរយៈដំណើរទស្សនកិច្ចរបស់ លោកស្រី ណានស៉ី ផេឡូស៉ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់។ ឆ្លើយតបសកម្មភាពអាមេរិក រដ្ឋាភិបាលចិន បានហៅផែនការនៃដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៉ី ទៅកោះតៃវ៉ាន់ ថាជា «ទង្វើបង្កហេតុ»

លោក គង់ ភោគ បានឲ្យដឹងទៀតថា បញ្ហាតានតឹងនៅក្នុងតំបន់មួយចំនួន នឹងមានភាពចាំបាច់ដែលត្រូវជជែកគ្នានៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលកិច្ចប្រជុំនេះ ក៏នឹងមានវត្តមានរដ្ឋមន្រ្តីការបរទេសមហាអំណាចចិន រុស្ស៉ី និងអាមេរិកជាដើម។

លោកបានលើកឡើងអំពីជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាមេរិក និងរុស្ស៉ី និងជំនួបសន្ទានាតាមទូរស័ព្ទរវាងប្រធានាធិបតីចិន និងអាមេរិកជាដើម ហើយទាញការវាយតម្លៃថា ចំណុចទាំងនេះ បញ្ជាក់ថា ទោះបីជាមានចំណុចខុសគ្នាក៏ដោយ ក៏នៅមានចំណុចមួយចំនួនទៀត ដែលពួកគាត់រួមគ្នាដោះស្រាយ ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ ការសម្រេចឱ្យបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ឧទាហរណ៍ ដូចជាការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយកូវីដ១៩ និងការទប់ស្កាត់កុំឱ្យមានវិបត្តិសេដ្ឋកិច្ច។

ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បន្ថែមថា ប្រទេសទាំងអស់ដែលមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា នឹងយកឱកាសនេះប្រើប្រាស់ឱ្យអស់លទ្ធភាព ដើម្បីជជែកគ្នាស្វែងរកដំណោះស្រាយ៕