(ភ្នំពេញ)៖ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានចុះអនុស្សារណៈយោគយល់ជាមួយ ភាគីរដ្ឋជូហូរ ម៉ាឡេស៊ី ដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍសហគមន៍ឥស្លាមឲ្យមានការរីកចម្រើនទៅមុខជាលំដាប់។

ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នាទីស្នាក់ការគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ក្រោមវត្តមានលោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និងលិក-លោកស្រីជាសមាជិក, ប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាឥស្លាមនៃរដ្ឋជូហូរ ប្រទេសម៉ាឡេស៊ី ដឹកនាំដោយប្រធានទទួលបន្ទុកកិច្ចការឥស្លាមលោក YB Tuan Mohd Fared Bin Mohd Khalid។

ក្នុងនោះក៏មានការចូលរួមពី លោក Sohibus Samahah YB Dato’ Haji Yahya Bin Ahmad ប្រធាននាយកដ្ឋានឥស្លាមនៃរដ្ឋជូហូរ, លោក YB Dato’ (Dr) Haji Nooh Bin Gadot ទីប្រឹក្សានាយកដ្ឋានឥស្លាមនៃរដ្ឋជូហូរ, លោក YB Dato’ Haji Md. Rofiki Bin Dato’ Haji Shamsudin អភិបាលរងនៃរដ្ឋជូហូរ, លោក Prof Madya Dr Hj Hussin Bin Salamon សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥស្លាមរដ្ឋជូហូរ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត។

អនុស្សរណៈដែលបានចុះហត្ថលេខានាពេលនេះ មានចំនួន៣គឺ ភាគីគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និង MAJLIS AGAMA ISLAM NEGERI JOHOR លើភាពជាដៃគូរក្នុងការអភិវឌ្ឍសហគមន៍ឥស្លាម និងភាគីគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ជាមួយ JABATAN MUFTI JOHOR លើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ចំណែកឯអនុស្សរណៈរវាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ជាមួយ KOLEJ PENGAJIAN ISLAM JOHOR (MARSAH) ផ្តោតសំខានលើការផ្តល់អាហាររូបករណ៍ដល់សិស្សនិស្សិត មួយឆ្នាំ៥កន្លែង នៅទីស្នាក់ការគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា។

លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្សលើវិស័យអប់រំ នៅកម្ពុជាមានភាពរីកចម្រើនជាលំដាប់ទាំងនោះក៏ដោយសារប្រទេសជាតិទទួលបាននូវសុខដុម្ភរមណីយកម្មផ្នែកសាសនាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្ប្នន្ន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

ជាមួយគ្នានេះ លោកឧកញ៉ាចាងហ្វាង បានស្នើសុំភាគីម៉ាឡេស៊ី ជួយទំនុកបម្រុងបន្ថែមលើវិស័យអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយលោកឧកញ៉ាក៏បានសម្តែងនូវអំណរគុណផងដែរដល់ រដ្ឋាភិបាលម៉ាឡេស៊ី និងក្រសួងស្ថាបនឥស្លាមម៉ាឡេស៊ី ដែលតែងតែយកចិត្តទុកដាក់ លើការអភិវឌ្ឍសហគមឥស្លាម នៅកម្ពុជា ក៏ដូចជាវិស័យអប់រំនាពេលកន្លងមកផងដែរ។

ជាមួយគ្នានេះ លោក YB Tuan Mohd Fared Bin Mohd Khalid បានសម្ដែងការអារម្មណ៍រំភើបរីករាយ ដោយរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំសាសនិកឥស្លាម ជាពិសេសគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅ។

លោកបានបន្តថា តាមរយៈកិច្ចចុះអនុស្សរណៈ នៃការយោគយល់នេះ នឹងមានទំនាក់ទំនងល្អរវាងនាយកដ្ឋានទទួលបន្ទុកកិច្ចការឥស្លាម នៃរដ្ឋជូហូរ និងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ហើយលោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីសហការក្នុងការអភិវឌ្ឍន៍សហគមឥស្លាម ជាពិសេសលើវិស័យអប់រំសាសនាឥស្លាមនៅកម្ពុជា៕