(ភ្នំពេញ)៖ អភិបាលរងរាជធានីភ្នំពេញ ជំរុញឲ្យក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹក និងឧតុនិយម ពន្លឿនការស្ដារប្រឡាយបឹងត្របែកឲ្យបានលឿន ដើម្បីបើកទឹកហូរឲ្យបានលឿន ទៅដល់ស្ថានីយបឹងត្របែក ដើម្បីឲ្យស្ថានីយនេះអាចបូមទឹកចេញបានឆាប់រហ័ស កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ នៅក្នុងរដូវវស្សានេះ។

ការជំរុញរបស់លោក ស៊ុយ សេរិទ្ធ ធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែសីហា ២០២២នេះ ខណៈដែលចុះពិនិត្យមើលស្ថានភាព នៃការស្ដារបឹងត្របែក ដែលមានចម្ងាយប្រមាណជិតមួយគីឡូម៉ែត្រ ចាប់ពីប្រឡាយបឹងត្របែកដល់ស្ថានីយបឹងត្របែកផ្លូវ២៧១ ដោយមានការចូលរួមពីលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន និងមន្រ្តីជំនាញផងដែរ។

លោកអភិបាលរងរាជធានីភ្នំពេញ បានណែនាំឲ្យក្រុមការងារកាយល្បាប់ភក់ និងស្មៅ ដែលជារនាំងឃាំងទឹក ក្នុងអាងស្តុកទឹកបឹងត្របែកនេះឲ្យជ្រៅ ពោលគឺនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ទឹកអាចហូរបានលឿន ទៅដល់មុខស្ថានីយ ដែលអាចឲ្យស្ថានីយបឹងត្របែក អាចមានសមត្ថភាព បូមទឹកបានលឿន កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ។

គួរបញ្ជាក់ថា ប្រឡាយបឹងត្របែកដែលត្រូវស្តារឡើងវិញ មានការចាក់ទំនប់តាមមាត់ប្រឡាយទទឹង១០ម៉ែត្រ និងបណ្តោយមានប្រវែងជាង៨២៧ ម៉ែត្រជាគំរោងទំនប់ជាប់នឹងប្រឡាយនេះ គ្រោងនឹងចាក់បេតុង ដើម្បីធ្វើជាផ្លូវឲ្យបងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បាន ហើយក៏ជាផ្លូវមួយ ដើម្បីងាយស្រួលដាក់គ្រឿងចក្រ ធ្វើការស្តារប្រឡាយបឹងត្របែកជាប្រចាំផងដែរ។

បន្ថែមពីលើនេះទៀត ក្រោយពីការកាយប្រឡាយ និងស្ដារប្រឡាយនេះឲ្យជ្រៅ ដើម្បីស្តុកទឹក ងាយស្រួលឲ្យមានលំហូរទឹកបានល្អ ដើម្បីម៉ាស៊ីនបូមបានផងដែរ ហើយជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញ គ្រោងបុកស៊ីផាវ នៅតាមជញ្ជាំងប្រឡាយបឹងត្របែកនេះផងដែរ៕