(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្ដចុះជួយស្រុកឆែប នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយមានថវិកា និងសម្ភារយកទៅប្រគល់ជូនប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ ដែលជួបគ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្ដាលឲ្យរលំផ្ទះទាំងស្រុង នៅភូមិកាឡោត ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ។

នៅក្នុងឱកាសនេះលោក ច័ន្ទ សុភ័ក្ត្រា បានសំដែងនូវការចូលរួមសោកស្តាយជាមួយក្រុមគ្រួសាររងគ្រោះ ដែលជួបនូវគ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្តាលឱ្យរលំផ្ទះទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិមួយចំនួន។ លោកក៏បានសំដែងការចូលរួមត្រេកអរផងដែរ ដល់សមាជិកក្រុមគ្រួសារខាងលើ ដែលមិនបានរងគ្រោះដល់ខ្លួនប្រាណដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ។

លោកប្រធានក្រុមការងារខេត្តចុះជួយស្រុកឆែប ក៏បានថ្លែងជម្រាបជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលឱ្យរលំផ្ទះទាំងស្រុងនោះ សូមកុំមានការអស់សង្ឃឹមក្នុងជីវិតឱ្យសោះ ព្រោះរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា មិនទុកឱ្យប្រជាពលរដ្ឋខ្មែរណាម្នាក់រស់នៅក្នុងភាពឯកោរឫស្លាប់ដោយសារភាពអត់ឃ្លាននោះទេ។

ជាក់ស្តែងថ្ងៃនេះលោកបានដឹកនាំក្រុមការងារ នាំសម្ភារថវិកាមួយចំនួនដើម្បីជួយសម្រួលដល់ជីវភាពនិងការលំបាករបស់គ្រួសារមួយនេះមាន៖ អង្ករ២បេ ចំនួន៦០គីឡូក្រាម មី២កេស ត្រីខ ២យួរ ទឹកស៊ីវអ៊ីវ ៣យួរ ប៊ីចេង១កញ្ចប់ តង់ទំហំ ៤x៦ ចំនួន២ ប៉ៅអ៊ី១ មុង១ និងថវិកាចំនួន ១០០,០០០រៀល។

លោកក៏បានណែនាំដល់ក្រុមការងារត្រូវពិនិត្យដើម្បីសាងសង់ផ្ទះជូនគាត់បានរស់នៅសមរម្យវិញ។ លោកបានបន្ត ចុះពិនិត្យមើលផ្ទះរបស់ប្រជាពលរដ្ឋមួយគ្រួសារទៀតដែលខូចខាតនិងទ្រុឌទ្រោមខ្លាំង ដោយណែនាំដល់ក្រុមការងារត្រូវរៀបចំជួសជុលឡើងវិញផងដែរ។

សូមបញ្ជាក់ថា ក្រៅពីទទួលបានអំណោយពីក្រុមការងារខេត្តចុះជួយស្រុកឆែប ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ក្រុមគ្រួសាររងគ្រោះខាងលើនេះ ក៏ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយលោក សុខ សាន្តតារ៉ា អភិបាលស្រុកឆែប និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកផងដែរ៕