(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកគណៈអចិន្ដ្រៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានលើកយកទិសដៅការងារមួយចំនួន របស់គណបក្សប្រជាជនកម្ពុជា មកបញ្ជាក់ជូន ដល់សមាជិកសមាជិកា គណបក្សក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីត្រៀតលក្ខណ: សម្រាប់តម្រង់ឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣ ឲ្យទទួលជោគជ័យ និងលទ្ធផលកាន់តែល្អប្រសើរ។

ទិសដៅការងារឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣នេះ ត្រូវបានលោក ជា ចាន់តូ លើកយកមក ជម្រាប់ជូនសមាជិកសមាជិកាបក្សនៅក្នុងឱកាសដែលអញ្ជើញ ជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារគណបក្ស ស្រុកស្ទោង ខេត្តកំពង់ធំ ដែលរៀចំឡើងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នៅទីស្នាក់ការគណបក្សស្រុកស្ទោង។

លោក ជា ចាន់តូ បានបង្ហាញនូវមោទនភាពថា ជ័យជម្នះយ៉ាងត្រចះត្រចង់ របស់គណបក្សប្រជាជនកម្ពុជាទទួលបានក្នុងការបោះឆ្នោតលជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២កន្លងមកនេះ ជាការបញ្ជាក់ឲ្យយ៉ាងច្បាស់ពីការបន្តគោរព ស្រលាញ់ គាំទ្រ និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ជាមួយនេះដែរក៏អាចវាយតម្លៃបានទៀតថា
ប្រជាពលរដ្ឋកម្ពុជាយើងម្នាក់ៗ បច្ចុប្បន្នមានការយល់ដឹងខ្ពស់ និងចេះប្រើប្រាស់សិទ្ធិរបស់ខ្លួន បានត្រឹមត្រូវមិនចាញ់បោក តាមការឃោសនាភូតកុហក់ របស់ជនអគិតមួយចំនួនទៀតទេ ទោះបីជាក្រុមទាំងនោះបានប្រើប្រាស់នូវមធ្យោបាយទុច្ចរិត និងគ្រប់រូបភាពឃោសនាពិសពុលបែបណាក៏ដោយ។

លោក ជា ចាន់តូ បានបន្តទៀតថា កត្តាដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះកន្លងមកនេះ ក៏មិនអាចកាត់ផ្តាច់ និងមើលរំលងពីកិច្ចខិតខំប្រឹងប្រែង ពីការចូលរួមចំណែកយ៉ាងសកម្ម និងដ៏ធំធេងពីសំណាក់ក្រុមការងារគ្រប់ជាន់ថ្នាក់របស់គណបក្សទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងមិនខ្លាចពីការនឿយហត់នោះបានឡើយ។

ក្នុងឱកាសនោះដើម្បីឲ្យក្រុមការងារគណបក្ស ស្រុកស្ទោង បានយល់កាន់តែច្បាស់ថែមទៀត ពីសមិទ្ធផលរបស់គណបក្សសម្រេចបានកន្លងមកលោក បានលើកយកនូវខ្លឹមសារលម្អិតនិងសំខាន់ៗនៃលទ្ធផលសន្និបាត និងចំណុចសំខាន់ៗមួយចំនួនទៀតក្នុងនោះក៏បានលើកយក ទិសដៅអាទិភាពពាក់ព័ន្ធទៅនឹងក្របខណ្ឌ របស់គណបក្ស សម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ មកជម្រាបជូន ដល់កិច្ចប្រជុំផងដែរ៕