(បាត់ដំបង)៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ សិក្ខាសាលាស្តីពី ការតាមដានវឌ្ឍនភាព នៃការអនុវត្តប្រកាសលេខ ០៨៦ ប្រកាសលេខ ១៩៤ និងសេចក្តីណែនាំលេខ ០០៨នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុន សេវាកម្សាន្តត្រូវបានរៀបចំឡើងក្រោមអធិបតីលោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។

លោកស្រី ម៉ៅ ធីតា អនុរដ្ឋលេខាធិការ បានថ្លែងប្រាប់ពីគោលបំណងគឺផ្តល់ចំណេះដឹង វិធីសាស្រ្តថ្មី ចែករំលែកពីវឌ្ឍនភាពព័ត៌មានឆ្លើយតបនឹងបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ និងគ្រឿងញៀន ឆ្ពោះទៅបញ្ចប់អេដស៍នៅឆ្នាំ២០២៥ និងការរីករាលដាលគ្រឿងញៀនក្នុងវិស័យការងារតាមដានវឌ្ឍនភាពការងាររបស់គណៈកម្មការអេដស៍ និងគ្រឿងញៀន និងពង្រឹងការចូលរួមរបស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សេវាកម្សាន្ត ក្នុងការអប់រំផ្សព្វផ្សាយបញ្ហាសុខភាព និងសុវត្ថិភាពការងារដល់កម្មករនិយោជិត។

លោក មាស ដារ៉ា ប្រធានមន្ទីរខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងពីកិច្ចខិតខំសម្របសម្រួលផ្តល់ឯកសារពាក់ព័ន្ធ ព័ត៌មាន សុខភាពគ្រឿងញៀន អេដស៍ ដោះស្រាយវិវាទ ដើម្បីសុវត្ថិភាព ទាំងពលករ ចំណាកស្រុក និងការងារក្នុងខេត្តបាត់ដំបង។

លោក ទុន សុភ័ណ មន្ត្រីសម្របសម្រួលថ្នាក់ជាតិនៃអង្គការពលកម្មអន្តរជាតិ ILO បានអរគុណដ៏កិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់អនុវត្តតាមលិខិតបទដ្ឋាននានាពីសុវត្ថិភាពការងារ និងផ្តល់កិច្ចសហការជាមួយក្រសួងបន្តទៀត។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នាឱកាសនោះឧត្តមសេនីយ៍ទោ លឹម តុងហួត បានអរគុណដល់ថ្នាក់ដឹកនាំក្រសួង មន្ទីរ ការងារខេត្តទាំង១០ និងអង្គការពលកម្មអន្តរជាតិ ILO ដែលបានធ្វើការរួមគ្នាផ្តល់ សុវត្ថិភាពដល់ពលករ កម្មករទាំងការងារ និងសុខភាពចាកផុតបានពីបញ្ហាគ្រឿងញៀន និងការឆ្លងមេរោគអេដស៍ជំងឺអេដស៍។ រយ:ពេល៦ខែ ឆ្នាំ២០២២ កម្ពុជាគ្រប់គ្រងបានអ្នកប្រើ និងអ្នកញៀនគ្រឿងញៀនមាន ចំនួន១២.១៨៩នាក់ ក្នុងនោះអ្នកដែលប្រើប្រាស់គ្រឿងញៀនច្រើនជាងគេគឺមានអាយុ១៨ឆ្នាំ ដល់៣៥ឆ្នាំ ដែលមានចន្លោះពី២៩,៦៨% ដល់៤៧,៩៤% ក្នុងនោះដែរកម្មករពលករមានរហូតដល់ចំនួន២៩,០៨% (គិតអ្នកសម្រាកក្នុងមណ្ឌល៤.២៦៦នាក់)។

ថ្លែងក្នុងនាម លោក អ៊ិត សំហេង រដ្ឋមន្ត្រី, លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានកោតសសើររដល់គណ:កម្មាធិការប្រយុទ្ធនឹងជំងឺគ្រឿងញៀន-អេដស៍ថ្នាក់មន្ទីររាជធានី-ខេត្តទាំង១០ ដែលបានខិតខំអនុវត្តផែនការការងាររបស់ខ្លួនទទួលបានលទ្ធផលល្អ និងបានជំរុញឱ្យអ្នកពាក់ព័ន្ធដែលនឹងដើរតួនាទីជាអធិការពេលចុះបំពេញការងារទាំងអស់បន្តយកចិត្តទុកដាក់អនុវត្តន៍ការងារតាមផែនការព្រោះថា បញ្ហាគ្រឿងញៀន-អេដស៍បង្កគ្រោះថ្នាក់ និងប៉ះពាល់ដល់កម្លាំងពលកម្ម ជំរុញសេដ្ឋកិច្ច គ្រួសារ សេដ្ឋកិច្ចជាតិ៕