(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងជម្លោះរវាងរុស្ស៉ី និងអ៊ុយក្រែន រដ្ឋមន្រ្តីការបរទេសអាស៊ានបានជំរុញឲ្យមានការអត់ធ្មត់ និងបញ្ចប់ជម្លោះនេះឲ្យបានឆាប់បំផុត។ នេះបើតាមការឲ្យដឹងពី លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

អ្នកនាំពាក្យផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំមួយចំនួន ដែលត្រូវបានរៀបចំឡើងនៅថ្ងៃនេះ នៅសណ្ឋាគារសុខាភ្នំពេញ អំឡុងពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

លោក គង់ ភោគ បានថ្លែងថា ពាក់ព័ន្ធនឹងរបៀបវារៈ បញ្ហាក្នុងតំបន់ និងពិភពលោក ក្នុងកិច្ចប្រជុំនៅថ្ងៃនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានយកបញ្ហារុស្ស៉ី និងអ៊ុយក្រែន មកពិភាក្សា។ ជាលទ្ធផល អាស៊ានបានជំរុញភាគីទាំងអស់ មានការអត់ធ្មត់ខ្ពស់បំផុត។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «បញ្ហាអ៊ុយក្រែន អាស៊ានជំរុញឲ្យមានការអត់ធ្មត់ខ្ពស់បំផុត រវាងភាគីពាក់ព័ន្ធ កាត់បន្ថយភាពតានតឹង ដើម្បីអនុញ្ញាតឲ្យមានលំហូរជំនួយមនុស្សធម៌ទៅដល់អ្នកដែលត្រូវការបំផុត ជំរុញឲ្យបញ្ចប់ជម្លោះនេះឲ្យបានឆាប់រហ័ស មិនមែនសម្រាប់ប្រយោជន៍តែប្រជាជនដែលរងគ្រោះ ដោយសារជម្លោះនេះប៉ុណ្ណោះទេ ប៉ុន្តែផលប៉ះពាល់ទូទាំងពិភពលោក។ ឧទាហរណ៍ វិបត្តិនៃកង្វះស្បៀងអាហារ ក៏ដូចជាការឡើងថ្លៃថាមពល ក៏ដូចជាបញ្ហានៃវិបត្តិសេដ្ឋកិច្ចផ្សេងៗទៀត និងគោរពគ្នាទៅវិញទៅមក ដោយឈរលើគោលការណ៍អធិបតេយ្យភាព បូរណភាពទឹកដី និងការសន្ទនាប្រកបដោយសន្តិវិធី និងស្ថាបនា ដើម្បីបញ្ចប់ជម្លោះនេះ»

សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៉ីបានចាប់ផ្តើមបើកប្រតិបត្តិការយោធា ទៅលើអ៊ុយក្រែន ក្រោយប្រទេសជិតខាងមួយនេះ ប្រកាសចង់ចូលសមាជិកណាតូ (NATO)។

រហូតមកដល់ពេលនេះ សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន បានអូសអន្លាយរយៈពេល៤ខែមកហើយ ខណៈដែលរុស្ស៉ី កំពុងគ្រប់គ្រងស្ទើរតែទាំងស្រុងនៅតំបន់ដុនបាស់ ចំណែកអ៊ុយក្រែនរងការខ្ទេចខ្ទាំយ៉ាងដំណំ៕