(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្ត លើការងារសាងសង់បង្គោលអង់តែន តាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាង ក្រសួងសាធារណការនិងដឹកជញ្ជូន និយ័តករទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុន Huawei ក្រុមហ៊ុនសាងសង់បង្គោលអង់តែន ព្រមទាំងបណ្តាប្រតិបត្តិករទូរគមនាគមន៍។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដោះស្រាយបញ្ហាប្រឈម និងកំណត់ទីតាំងជាក់លាក់សម្រាប់សាងសង់អង់តែនទូរសព្ទចល័ត ដើម្បីធានាផ្ដល់សេវាគ្របដណ្តប់ពេញលេញ នៅតាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ បន្ទាប់ពីក្រុមការងារបានចុះពិនិត្យស្ថានភាពជាក់ស្តែងកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ កន្លងទៅ៕