(ភ្នំពេញ)៖ កាតាប្រទេសដែលមានសេដ្ឋកិច្ចដ៏រីកចម្រើនមួយនៅតំបន់មជ្ឈឹមបូព៌ា បានបង្ហាញបំណងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការវិនិយោគ និងផ្នែកធុរកិច្ចឱ្យកាន់តែល្អប្រសើរបន្ថែមទៀតជាមួយប្រទេសកម្ពុជា។

បំណងនេះត្រូវបានលើកបង្ហាញនៅក្នុងជំនួបពិភាក្សាការងារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Sheikh Mohammed bin Abdulrahman Al-Thani ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីការបរទេសកាតា នៅរសៀលថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០២២នេះ។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា សម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសកាតារ បានពិភាក្សាគ្នាដោយផ្តោតជាសំខាន់ទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងកាតារ។

បើតាមលោក កៅ គឹមហួន បានអះអាងថា ទាំងសម្តេចតេជោ និងរដ្ឋមន្ត្រីការបរទេសកាតា សុទ្ធតែបានមើលឃើញនូវការវិវឌ្ឍល្អប្រសើរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាតា។ ប៉ុន្តែបានមើលឃើញថា នៅមានវិស័យជាច្រើនទៀតដែលមានសក្តានុពល ដែលកម្ពុជា និងកាតា គួរយកចិត្តទុកដាក់ជំរុញបន្ថែម ជាពិសេសផ្នែកសេដ្ឋកិច្ច។

ពាក់ព័ន្ធផ្នែកសេដ្ឋកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ពីសក្តានុពលខ្ពស់ពាក់ព័ន្ធការវិនិយោគនៅកម្ពុជា ជាពិសេសការផលិតស្បៀងអាហារ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យកាតាសម្លឹងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតលើការកែច្នៃផលិតផលកសិកម្ម។ ជាពិសេសការកែច្នៃអង្ករសម្រាប់នាំចេញ ព្រោះកម្ពុជាសល់ស្រូវច្រើន។

ពាក់ព័ន្ធការវិនិយោគ និងការធ្វើធុរកិច្ចនេះ លោករដ្ឋមន្ត្រីការបរទេសកាតា បានអះអាងថា លោកនឹងជំរុញឱ្យប្រតិភូធុរកិច្ចមកកាន់កម្ពុជា ពិភាក្សាជាមួយុរកិច្ចកម្ពុជា ដើម្បីពង្រីកលើវិស័យធុរកិច្ចនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជននៃប្រទេសទាំងពីរធ្វើការជាមួយគ្នា។

លោករដ្ឋមន្ត្រីការបរទេសកាតា បានមើលឃើញថា កម្ពុជានៅមានសក្តានុពលសម្រាប់ការវិនិយោគច្រើន ហើយលោកជឿជាក់ចំពោះឱកាសរីកចម្រើនសម្រាប់ការវិនិយោគនៅកម្ពុជា។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោករដ្ឋមន្ត្រីការបរទេសកាតា បានជជែកគ្នាពាក់ព័ន្ធវិស័យទេសចរផងដែរ។ សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យកាតាបើការហោះហើរត្រង់មកប្រទេសកម្ពុជា។ សំណើនេះត្រូវបានលោករដ្ឋមន្ត្រីការបរទេសកាតា គូសបញ្ជាក់ថា លោកនឹងលើកយកសំណើនេះដាក់ជូនក្រុមហ៊ុនហោះហើរពិនិត្យ។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវការអបអរសាទរ និងជូនពរឱ្យប្រទេសកាតាទទួលបានជោគជ័យសម្រាប់ការរៀបចំការប្រកួតបាល់ទាត់ពិភពលោកនៅចុងឆ្នាំនេះ។ រដ្ឋមន្ត្រីការបរទេសកាតា បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ច និងទស្សនាការប្រកួតបាល់ទាត់នៅប្រទេសកាតារ។

រដ្ឋមន្ត្រីការបរទេសកាតា បានជម្រាបសម្តេចតេជោ ហ៊ុន សែន ផងដែរថា នៅពេលរៀបចំការប្រកួតនោះក្នុងប្រទេសកាតាមានអាកាសធាតុក្តៅ តែមិនចោទជាបញ្ហានោះទេ ដោយសារមានការរៀបចំម៉ាស៊ីនត្រជាក់ក្នុងទីលានប្រកួត។

ក្រៅតែពីបញ្ហាខាងលើនេះទៅ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោករដ្ឋមន្ត្រីការបរទេសកាតា បានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការផ្នែកនយោបាយរវាងប្រទេសទាំងពីរផងដែរ។ ទាំងសម្តេចតេជោ និងរដ្ឋមន្ត្រីការបរទេសកាតា បានអះអាងដូច្នេះថា នឹងបន្តគាំទ្រគ្នាលើផ្នែកនយោបាយទាំងក្នុងតំបន់ និងអន្តរជាតិ។

ក្តៅតែពីកិច្ចការទ្វេភាគី ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ាន ក៏បានសម្តែងការស្វាគមន៍ចំពោះប្រទេសកាតា បានក្លាយទៅជាដៃគូអាស៊ាន តាមរយៈសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដែលបានចុះហត្ថលេខាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននាពេលនេះ។ តាមរយៈសន្ធិសញ្ញានេះ នឹងធ្វើឱ្យប្រទេសកាតា មានទំនាក់ទំនងកាន់តែល្អប្រសើរជាមួយអាស៊ាន៕