(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា តាមប្រព័ន្ធ Zoom។

ក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឱ្យដឹងថា កន្លងមកដោយសារតែមានការកើតឡើងនូវសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងនៅពេលដែលការដោះស្រាយបញ្ហានេះ មិនស៊ីសង្វាក់គ្នារវាងអាជ្ញាធរខេត្ត និងអាជ្ញាធរជាតិអប្សរានោះ ទើបប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចតែងតាំងសមាសភាពក្រុមការងារថ្នាក់ជាតិតម្រង់ទិសដែលមាន លោកឧបនាយករដ្ឋមន្ត្រី ផ្ទាល់ជាប្រធាន មានលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអនុប្រធាន លោក ទៀ សីហា អភិបាលខេត្តសៀមរាប ជាអនុប្រធាន លោក ស៊ុ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអនុប្រធានអចិន្ត្រៃយ៍ និងសមាសភាព៩រូបទៀត មកពីក្រសួងស្ថាប័នពាក់ព័ន្ធ គឺជាសមាជិក ក្នុងគោលបំណងដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ឆ្លងតាមការពិភាក្សាលើបញ្ហាស្មុគស្មាញជាច្រើនយ៉ាងផុសផុលរួចមក លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក្នុងនាមប្រធានអង្គប្រជុំ បានសម្រេចដោះស្រាយមួយជំហានម្តងៗ ដោយក្នុងនោះបានសំរេចដាក់វិធានការថា: រាល់លិខិតស្នាមផ្សេងៗដែលរដ្ឋបាលខេត្តត្រូវធ្វើនៅខាងអាជ្ញាធរជាតិអប្សរានោះ គឺមិនត្រូវធ្វើទៀតនោះទេចៀសវាងមានបញ្ហារំខានរឺខុសឆ្គងដោយប្រការផ្សេងៗ ខាងផ្នែករដ្ឋបាលដែលនាំអោយប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់ជាតិនិងប្រជាជន ហើយមិនត្រូវមានការពិភាក្សាអំពីការធ្វើបណ្ណកម្មសិទ្ធពិសេសណាមួយនៅក្នុងតំបន់អង្គរទេទាំងបច្ចុប្បន្ននិងទៅអនាគត។

ជាមួយនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបង្ហាញពីការគាំទ្របន្ថែមទៀតដល់ក្រុមការងារដើម្បីធានាឱ្យដំណើរការការងារដោះស្រាយសម្របសម្រួលបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនេះ បានប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធិភាពពិតប្រាកដ៕