(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យជាង ២០០រូប។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក លោកស្រី តំណាងមន្ទីរ ស្ថាប័នពាក់ពន្ធ័ ជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ និងប្រតិភូអមដំណើរជាច្រើនរូបផងដែរ។

កម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដែលត្រូវបានប្រកាសតួនាទី និងផ្ទេភារកិច្ចមានចំនួន៨២រូប និងបំពាក់ឋានន្តរស័ក្តិចំនួន ១៤៦រូប មានវរៈសេនីយ៍ទោចំនួន៦១រូប និងវរៈសេនីយ៍ត្រីចំនួន៧៣រូប អនុសេនីយ៍ឯកចំនួន២រូប។

ក្រោយបញ្ចប់ពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បានអញ្ជើញទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកាត់ខ្សែរបូរណ៍សម្ពោធដាក់ឲ្យប្រើប្រាស់ អាគារបណ្ណាល័យ ១ខ្នង និងសមិទ្ធផលនានាជាច្រើនដែលទើបកសាងរួចផងដែរ៕