(ភ្នំពេញ)៖ ប្រទេសជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា ដែលជាដៃគូយុទ្ធសាស្រ្តរបស់អាស៊ាន បានបង្ហាញអំពីបំណងក្នុងការដំឡើងកម្រិតទំនាក់ទំនង ឱ្យទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

ការបង្ហាញអំពីឆន្ទៈក្នុងការដំឡើងកម្រិតទំនាក់ទំនងនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំដាច់ដោយឡែករវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេសជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា។

ថ្លែងក្នុងសន្និសីទកាសែត នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ លោកបណ្ឌិត គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ជាក់ថា ប្រទេសទាំង៣ និងអាស៊ាន បានបង្ហាញបំណងក្នុងការដំឡើងកម្រិតទំនាក់ទំនងឱ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោកបញ្ជាក់ដូច្នេះថា៖ «ពាក់ព័ន្ធនឹងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-កូរ៉េ គឺមានការបង្ហាញបំណងកម្រិតទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រោះឥឡូវនេះដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ គឺមានតែ២ប្រទេសទេ គឺមានចិន និងអូស្រ្តាលី»។

លោកបានបន្តថា ក្នុងប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ជប៉ុន អង្គប្រជុំបានបង្ហាញអំពីបំណងរបស់ជប៉ុន ក្នុងដំឡើងកម្រិតទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងឱកាសគម្រប់ខួបនៃកិច្ចសហប្រតិបត្តិការនេះ។

រដ្ឋមន្រ្តីការបរទេសអាស៊ាន កោតសរសើរ ចំពោះការចូលរួមរបស់ជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយកន្លងទៅជប៉ុនធ្លាប់ផ្តល់ជំនួយ ៥០លានដុល្លារ សម្រាប់ការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ផងដែរ។

ដោយឡែកសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា ត្រូវបានអ្នកនាំពាក្យរូបនេះ បញ្ជាក់ថា រដ្ឋមន្រ្តីទាំងអស់បានកត់សម្គាល់ប្រកបដោយការពេញចិត្តចំពោះទំនាក់ទំនងអាស៊ាន-ឥណ្ឌា។ កិច្ចប្រជុំបានកំណត់យកឆ្នាំ២០២២ ជាឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា។ ក្នុងកិច្ចប្រជុំនេះ ឥណ្ឌាក៏បានស្នើដំឡើងកម្រិតពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ក្រៅពីប្រទេសទាំង៣នេះ ដែលចង់ដំឡើងកម្រិតទំនាក់ទំនងដល់ចំណុចកំពូលនៃការទូត ក៏មានដែរនូវប្រទេសមួយចំនួនទៀតចង់ដំឡើងកម្រិតពីដៃគូសន្ទនា ទៅជាដៃគូយុទ្ធសាស្ត្រ ក្នុងនោះមានកាណាផងដែរ។ ចំណែកអង់គ្លេស ដែលទើបផ្តាច់ខ្លួនពីអឺរ៉ុប ក៏បានក្លាយទៅជាដៃគូសន្ទនារបស់អាស៊ានផងដែរ៕