(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់រដ្ឋមន្ត្រីការបរទេសជប៉ុនដោយផ្ទាល់ថា ការដាក់ទណ្ឌលើប្រទេសរុស្ស៉ី ក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន មិនមែនបង្កការលំបាកតែប្រទេសរុស្ស៉ីនោះទេ គឺបង្កការលំបាកដល់ពិភពលោកទាំងមូល រួមទាំងកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់បែបនេះ ក្នុងពេលជួបពិភាក្សាជាមួយលោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា «ពាក់ព័ន្ធបញ្ហានៅអ៊ុយក្រែន សម្តេចតេជោ បានលើកឡើងថា ជាការពិតសង្គ្រាមជារឿងមួយ ការដាក់ទណ្ឌកម្មជារឿងមួយទៀត។ ការដាក់ទណ្ឌកម្មនេះទៀតសោត មានផលប៉ះពាល់យ៉ាងខ្លាំង មិនមែនប៉ះពាល់តែរុស្ស៉ីនោះទេ គឺប៉ះពាល់ទាំងអឺរ៉ុបផង ទាំងពិភពលោកផង និងកម្ពុជាផងដែរ»។

សូមបញ្ជាក់ថា ប្រទេសរុស្ស៉ី បានចាប់ផ្តើមបើកការវាយលុកចូលប្រទេសអ៊ុយក្រែន កាលពីកុម្ភៈ ឆ្នាំ២០២២។ ជាការឆ្លើយតបនឹងប្រតិបត្តិការកងទ័ពក្នុងប្រទេសអ៊ុយក្រែននេះ ប្រទេសក្នុងតំបន់អឺរ៉ុប សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិផង បានសម្រេចរួមគ្នាដាក់ចេញវិធានការទណ្ឌកម្មលើប្រទេសរុស្ស៉ី។ ប្រទេសជប៉ុន ក៏បានប្រកាសដាក់ទណ្ឌកម្មលើុរុស្ស៉ីផងដែរ។ វិធានការទណ្ឌកម្មនេះ មិនមែនជះឥទ្ធិពលអាក្រក់តែរុស្ស៉ីប៉ុណ្ណោះទេ ក៏បានជះឥទ្ធិពលអាក្រក់លើផ្នែកសេដ្ឋកិច្ចដល់ប្រទេសនានានៅលើពិភពលោកផងដែរ។

ផលលំបាកសម្រាប់ពិភពលោកបណ្តាលមកពីការដាក់ទណ្ឌកម្មលើរុស្ស៉ីនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងនៅក្នុងជំនួយជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក និងអនុគណៈកម្មការអឺរ៉ុបផងដែរ ក្នុងជំនួបដោយផ្ទាល់កាលពីថ្ងៃទី០៤ ខែសីហា កន្លងទៅនេះ។ សម្តេចតេជោ បានស្នើរដ្ឋមន្ត្រីការបរទេសអាមេរិក និងអនុគណៈកម្មការអឺរ៉ុប ពិចារណាលើវិធានការដាក់ទណ្ឌកម្មនេះ។

ក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី០៥ ខែសីហា សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា អ្វីដែលសម្តេចលើកឡើងនេះ គឺជាការគិតគូរមួយរបស់កម្ពុជា ហើយមានឱកាសនិយាយផ្ទាល់មុខ គឺសម្តេចត្រូវតែនិយាយ។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «នេះជាការគិតគូររបស់ប្រទេសតូចមួយ តែស្មើភាព ស្មើសិទ្ធិ អ្នកមានសិទ្ធិនិយាយ ខ្ញុំក៏មានសិទ្ធិគិតគូរ និងនិយាយដែរ។ មានឱកាសនិយាយហើយ ត្រូវតែនិយាយ ព្រោះជួបមុខផ្ទាល់ហើយ»

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងនៅតាមវេទិកាសាធារណៈជាច្រើនមកហើយ ឱ្យមានការពិនិត្យឡើងវិញលើវិធានការទណ្ឌកម្មនេះ។ សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេមើលឃើញថា ជាមេដឹកនាំមួយរូបដែលហ៊ាននិយាយចំៗចំពោះបញ្ហានានាជាមួយបណ្តាប្រទេសលើពិភពលោក មិនថាប្រទេសនោះតូច ឬប្រទេសធំនោះឡើយ។

ចំណុចនេះ មានការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពជាមេដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលមិនស្ទាក់ស្ទើរក្នុងការនិយាយ ឬលើកចំពោះបញ្ហា ដើម្បីស្វែងរកនូវដំណោះស្រាយនោះឡើយ។ រាល់បញ្ហាមិនអាចដោះស្រាយចេញនោះឡើយ បើលាក់លាមមិនលើកឱ្យចំណុចនៃបញ្ហាទេនោះ៕