(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះបានបញ្ជាក់ឲ្យដឹងថា ជនជាតិនីហ្សេរីយ៉ាកើតជំងឺអុតស្វាដែលសម្រាកព្យាបាល នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះ ដោយមានលទ្ធផលតេស្ត អវិជ្ជមានវីរុសអុតស្វា បញ្ជាក់ពីមន្ទីរពិសោធ៍ប៉ាស្ទ័រកម្ពុជា។

លោកស្រីបញ្ជាក់ថា ទោះបីអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក្តី ប៉ុន្តែបុរសរូបនេះ ត្រូវបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ ទៅតាមការចាត់ចែងរបស់សមត្ថកិច្ច។

លោកស្រីរដ្ឋលេខាធិការបានបញ្ជាក់យ៉ាងដូច្នេះថា «ជនជាតិនីហ្សេរីយ៉ា ដែលសម្រាកព្យាបាលជំងឺអុតស្វា នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតនាពេលកន្លងមក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យរួចហើយ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ដោយមានលទ្ធផលតេស្ត អវិជ្ជមានវីរុសអុតស្វា បញ្ជាក់ពីមន្ទីរពិសោធ៍ប៉ាស្ទ័រកម្ពុជានាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ បច្ចុប្បន្ន បុគ្គលរូបនេះ ត្រូវបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចរួចហើយដែរ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ ទៅតាមការចាត់ចែងរបស់សមត្ថកិច្ច»

លោកស្រីអ្នកនាំពាក្យ បានអំពាវនាវសូមបងប្អូនសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងសូមចូលរួមបន្តអនុវត្តវិធានការការពារខ្លួនពីការចម្លងជំងឺអុតស្វាតាមការណែនាំក្រើនរំលឹកបន្ថែមទៀតរបស់ក្រសូងសុខាភិបាល ដែលបានចេញផ្សាយនាពេលកន្លងមកនេះ។

ជាមួយគ្នានេះ លោកស្រីក៏អំពាវនាវជាថ្មី សូមបងប្អូនប្រជាពលរដ្ឋ កុំភ្លេចបន្តអនុវត្តវិធានការ «៣ការពារ និង ៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩» ជាពិសេសដូសជំរុញ (ទី៣, ទី៤, និងទី៥) ពេលដល់វេនលោកអ្នកឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាពផ្ទាល់ខ្លួនលោកអ្នក និងអ្នកជាទីស្រឡាញ់របស់លោកអ្នក៕