(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវដល់ម្ចាស់រោងចក្រ មិនថា ជារោងចក្រផលិតកាបូប ផលិតផលធ្វើដំណើរ និងស្បែក ឬរោងចក្រ ដែលផ្គត់ផ្គង់វត្ថុធាតុដើម ដល់រោងចក្រផលិតកាបូប ផលិតផលធ្វើដំណើរ និងស្បែកទាំងអស់ សូមចូលរួមជាសមាជិក នៅក្នុងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ឲ្យបានគ្រប់ៗគ្នាកុំបីខាន ព្រោះការធ្វើជាសមាជិកភាព នៃសមាគម ពិតជាទទួលបានអត្ថប្រយោជន៍ និងមានភាពរីកចម្រើនរួមគ្នាយ៉ាងពិតប្រាកដ។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធជាផ្លូវការ សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ នារាត្រីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះ។

លោកស្រី ម៉ែន សំអន ក៏បានលើកទឹកចិត្ត ដល់លោកប្រធាន សមាជិក និងសមាជិកានៃសមាគមទាំងមូល សូមបន្តការប្ដេជ្ញាចិត្ត ព្រមទាំងចូលរួមយ៉ាងសកម្ម ក្នុងការលើកស្ទួយវិស័យ ផលិតផលធ្វើដំណើរ និងផលិតផលស្បែកនៅប្រទេសកម្ពុជា ឲ្យកាន់តែមានភាពរឹងមាំ ប្រកបដោយគុណភាព និងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យមានសន្ទុះខ្លាំងឡើងជាលំដាប់។

លោកស្រី ម៉ែន សំអន បានថ្លែងថា ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាយើង ទទួលបានសុខសន្តិភាព យ៉ាងពេញលេញ ស្ថិរភាពនយោបាយល្អប្រសើរ មានការអភិវឌ្ឍន៍រីកចម្រើនជឿនលឿនលើគ្រប់វិស័យ រួមទាំងវិស័យឧស្សាហកម្មផងដែរ ក្នុងនោះ វិស័យផលិតផលធ្វើដំណើរ និងស្បែក បាននិងកំពុងរីកចម្រើន យ៉ាងខ្លាំងផងដែរ គឺរាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងជួយសម្របសម្រួលគ្រប់បែបយ៉ាងដល់វិស័យឯកជន និងវិនិយោគិនដែលមានបំណងបណ្តាក់ទុន រួមចំណែកអភិវឌ្ឍប្រទេសជាតិ។

លោកស្រីថា ព្រឹត្តការណ៍នេះ ធ្វើឡើងស្របពេលដែលកម្ពុជា កំពុងធ្វើជាប្រធានអាស៊ាន និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំជាច្រើន រួមមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន រួមជាមួយរដ្ឋមន្ត្រីការបរទេស នៃប្រទេសដៃគូ សន្ទនាអាស៊ាន មកពីប្រទេសមហាអំណាចជាច្រើន នៅពិភពលោក និងតំបន់ជាច្រើន និងស្របពេលដែលសម្តេចតេជោ ហ៊ុន សែន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកស្រី ម៉ែន សំអន សូមគាំទ្រចំពោះការបង្កើតសមាគមនេះឡើង ព្រោះសមាគមនេះ ដើរតួជាអន្តរការី ដែលដឹកនាំ សម្របសម្រួលជួយឧបត្ថម្ភគាំទ្រ និងសហការ ជាមួយរាជរដ្ឋាភិបាល និងស្ថាប័ន ឯកជនដែលពាក់ព័ន្ធនានាទាំងក្នុង និងក្រៅប្រទេស បម្រើផលប្រយោជន៍ដល់សមាជិក និងជួយជំរុញវិស័យផលិតកាបូប ផលិតផលធ្វើដំណើរ និងស្បែក ឲ្យរីកចំរើនថែមទៀត រួមចំណែកក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យឧស្សាហកម្ម ផលិតផលធ្វើដំណើរ និងស្បែកនៅក្នុងប្រទេសកម្ពុជា ទាំងការផលិត ការលក់ក្នុងស្រុក និងនាំចេញទៅបរទេស។

តាមការលើកឡើង របស់លោក លឹម តុង ប្រធានសមាគមផលិតផលធ្វើដមណើរ និងស្បែកនៅកម្ពុជា បានឲ្យដឹងថា ទោះបីជាមានផលប៉ះពាល់ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ក៏ការវិនិយោគ នៅប្រទេសកម្ពុជា នៅមានស្ថេរភាព និងកំណើនគួរឲ្យកត់សម្គាល់ ដែលលទ្ធផលវិជ្ជមានទាំងនេះ បានសរបញ្ជាក់ឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ របស់រាជរដ្ឋាភិបាលរបស់យើង ក្នុងការកសាងទំនុកចិត្ត ជូនអ្នកវិនិយោគបរទេស និងក្នុងស្រុក ដោយបានផ្តល់ការងារជូនកម្មករកម្មការនី ក្នុងប្រទេសកម្ពុជារាប់សែននាក់។

លោក លឹម តុង បានបញ្ជាក់ថា គិតត្រឹមឆមាសទី១ នៃដើមឆ្នាំ២០២២នេះ ទិន្នន័យនៃការនាំចេញកាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារបរទេស មានកំណើន ៥៩.៤៨% ធៀបនឹងឆ្នាំ២០២១ ដែលមានតម្លៃសរុប៨០២.៦៥លានដុល្លារ។

លោកឧកញ៉ា លី ឃុនថៃ ប្រធានកិត្ដិយសសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានឲ្យដឹងថា ការកកើតឡើងនៃសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា អាចប្រព្រឹត្តទៅយ៉ាងជោគជ័យ ដោយសារប្រទេសកម្ពុជា ស្ថិតនៅក្រោមម្លប់នៃសន្តិភាព និងភាពរីកចម្រើនយ៉ាងផុសផុល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកឧកញ៉ា លី ឃុនថៃ បានលើកឡើងថា ដោយហេតុថា រោងចក្រតូចធំ បានរីកដុះដាលជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងប្រទេសកម្ពុជា ហើយតម្រូវការនៃការបង្កើតឲ្យមានឯករាជ្យភាព ក្នុងវិស័យផលិត នៃផលិតផលនីមួយៗ កាន់តែកើនឡើង ដែលជាហេតុធ្វើឲ្យមានភាពចាំបាច់ ក្នុងការបង្កើតសមាគមដាច់ដោយឡែកផ្សេងៗគ្នា ដើម្បីផ្ដោតលើផលិតផលនីមួយៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

បន្ថែមពីនោះទៀត លោកឧកញ៉ា លី ឃុនថៃ បានបន្ដថា ដោយវិស័យផលិតកាបូបមានការកើនឡើង គួរឲ្យកត់សម្គាល់បែបនេះហើយ ជាហេតុនាំឲ្យមានការគាំទ្រ ក្នុងការបង្កើតសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជានេះឡើង ដែលនឹងដើរតួនាទីជាវេទិការួម ក្នុងការប្រមូលផ្ដុំរោងចក្រ-សហគ្រាសដែលផ្ដោត លើការផលិតកាបូបផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ដើម្បីជួបជុំគ្នា ក្នុងការផ្ដល់មតិយោបល់ល្អៗ។

ក្នុងនាមប្រធានកិត្ដិយសសមាគម លោកឧកញ៉ា លី ឃុនថៃ បានគូសបញ្ជាក់ថា សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ប្ដេជ្ញាថា នឹងបំពេញតួនាទីរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីរួមគ្នាជំរុញនូវការលើកស្ទួយសេដ្ឋកិច្ចជាតិ និងរួមគ្នាបន្តលើកស្ទួយវិស័យឧស្សាហកម្មយើង ឲ្យបន្តឈានមុខនៅលើទីផ្សារអន្តរជាតិ។

សូមជម្រាបថា ពិធីសម្ពោធជាផ្លូវការនេះក៏មានវត្តមានលោកស្រី ខា ឡេង តំណាងលោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ប្រាក់ ចាន់ធឿនរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ទា ជុប រដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក ហួត ហាក់ រដ្ឋលេខាធិការ ជំនួយការពិសេសរបស់ឧបនាយករដ្ឋមន្ត្រី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល លោកឧកញ៉ា ជា សឿន អនុប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា លោកស្រី Jenny Anne Hickey អនុប្រធានកម្មវិធី ILO-BFC និងវត្តមានអ្នកតំណាងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបផងដែរ រួមទាំងសមាគមអាជីវកម្មជាង ២០សភាពាណិជ្ជកម្មនៅកម្ពុជា និងក្រុមហ៊ុនដៃគូផ្សេងៗជាច្រើនទៀត៕