(ភ្នំពេញ)៖ កូនខ្មែរចំនួន ៤៨រូប ដែលដណ្តើមបានមេដាយ មាស ប្រាក់ និងសំរឹទ្ធ ពីការកម្មវីធី Teeneagle Competition ដែលជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេស លំដាប់អន្តរជាតិដ៏ធំ នៅសកលវិទ្យាល័យ Brunel University ទីក្រុង London ចក្រភពអង់គ្លេស បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ដោយបាននាំមកនូវកិត្តិយស និងមោទនភាពដ៏ក្រៃលែង សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។

ក្រោមកម្មវិធីប្រកួតប្រជែងជុំទី០១ វគ្គ Online Local Elimination Round ដែលមានសិស្សចូលរួមប្រឡងតាមរយៈ Online មានចំនួន ៤៨៧នាក់ និងមកពី១៨ សាលាផ្សេងៗ គ្នា ទាំងសាលារដ្ឋ និងសាលាឯកជន ក្រោមការរៀបចំដោយក្រុមហ៊ុន Bright Education Consultant and Travel បានសម្របសម្រួល និងបញ្ជូនកូនខ្មែរចំនួន ៨០រូប ទៅចូលរួមប្រកួតប្រជែងភាសាអង់គ្លេស ដែលរៀបចំឡើងនៅសកលវិទ្យាល័យ Brunel University ទីក្រុង London ចក្រភពអង់គ្លេស។

ការប្រកួតប្រកួតប្រជែងនេះកំរិតភាសាអង់គ្លេសកំរិតអន្តរជាតិដ៏ធំ ផ្តោតទៅលើ Writing Challenge, Spelling Bee, Persuasive Speaking, Talent Show, and Short Film នេះបេក្ខជនចូលរួមមានចំនួន៤១៦ និងមកពី ២១ប្រទេសជុំវិញពិភពលោក។ ជាលទ្ធផលសិស្សានុសិស្សកម្ពុជា ទទួលបានមេដាយមាសចំនួន ១១នាក់ មេដាយប្រាក់ចំនួន ១៩នាក់ មេដាយសំរិទ្ធចំនួន ១៨នាក់ មេដាយកិត្តិយសចំនួន ២៨នាក់ និងវិញ្ញាប័ណ្ណប័ត្រចូលរួមប្រឡងចំនួន ៥នាក់។

ជាមួយនឹងការទទួលបានជោគជ័យលើការប្រកួតប្រជែងនេះដែរ ម្ចាស់មេដាយមាស មិន សុវណ្ណហូលីនីត បានបង្ហាញអារម្មណ៍រីករាយ លាយឡំទាំងទឹកភ្នែក ដែរថា «ខ្ញុំមានអារម្មណ៍រំភើប និងសប្បាយចិត្តខ្លាំង ដែលបាននាំយក មេដាយមាស មកឱ្យម៉ាក់ប៉ា ដែលគាត់បានខិតខំបង់លុយឱ្យសិក្សា និងបានបង់លុយឱ្យទៅប្រឡង ប្រជែងនឹងគេ»

យុវតីម្ចាស់មេដាយមាស រូបនេះបានបញ្ជាក់ទៀតថា សម្រាប់ការប្រឡងនេះគឺមានភាពសុក្រឹត និងយុត្តិធម៌ ហើយចំពោះវិញ្ញាសារវិញសម្រាប់រូបនាង ហាក់មិនមានភាព លំបាកខ្លាំងនោះទេ ទោះបីជាគេគ្រប់គ្នាបានបញ្ជាក់ថាវាមានការលំបាកខ្លាំងក៏ដោយ តែនាងអាចខិតខំធ្វើបាន។

លោកស្រី ដុម វណ្ណថុល ត្រូវជាម្តាយមីងរបស់ម្ចាស់មេដាយមាស មិន សុវណ្ណហូលីនីត បានឱ្យដឹងដែរថា អ្នកស្រីពិតជារំភើបខ្លាំងណាស់ពេលឃើញក្មួយស្រី បានខិតខំ រៀន សូត្ររហូតទទួលបានមេដាយមាសលំដាប់ថ្នាក់អន្តរជាតិ មកជូនប្រទេសជាតិ និងមកជូនគ្រួសារ ដែលនេះគឺពិតមោទនភាពដ៏ធំធេងសម្រាប់ក្រុមគ្រួសារ។

លោកស្រី ដុម វណ្ណថុល បានបញ្ជាក់ទៀតថា សម្រាប់កម្មវិធីប្រកួតប្រជែងនេះគឺពិតជាល្អណាស់ និងចង់ឱ្យមានកម្មវិធីនេះបន្តទៅទៀត ដើម្បីឱ្យក្មេងៗជំនាន់ក្រោយ បានខិតខំរៀន បានយកនាំយកស្នាដៃ ជាមួយមេដាយមាស កាន់តែច្រើនមកជូនប្រទេសជាតិ និងដើម្បីបង្ហាញដល់អន្តរជាតិដែរថា កូនខ្មែរក៏អាចមានសមត្ថភាព ដណ្តើមយកមេដាយលើឆាតអន្តរជាតិជូនមាតុភូមិបានផងដែរ។

ដោយឡែកបេក្ខនារីទទួលបានមេដាយសំរឹទ្ធ អុំ ឋាបនីយ៍ ក៏បានបង្ហាញអារម្មណ៍រីករាយដែរថា «ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងមានមោទនភាពចំពោះខ្លួនឯង ព្រោះថា មិននឹងស្មានថា នឹងបានទៅប្រកួតនៅទីនោះទេ ដែលអាចនិយាយបានថា ជាលើកទី១ ដែលបានប្រើសមត្ថភាពខ្លួនឯង បានទៅទីនោះ»

បេក្ខនារី អុំ ឋាបនីយ៍ បានបន្ថែមថា សម្រាប់ការប្រឡងកម្មវិធីនេះ គឺមានការលំបាក ដែលទាមទារឱ្យមានការអាន និងការស្រាវជ្រាវឱ្យបានច្រើន ហើយសម្រាប់ វិញ្ញាប្រឡងនៅទីក្រុង London ចក្រភពអង់គ្លេស គឺទាមទារឱ្យមានការឆ្លើយសំនួរឱ្យបានលឿន ដោយសារពេលវេលាមានតិចផងដែរ។

លោក អ៊ែល ណូរី ប្រធានទីផ្សារនៅក្រុមហ៊ុន Bright Education Consultant and Travel បានគូសបញ្ជាក់ថា ការដែលក្រុមហ៊ុនបាននាំយកកម្មវិធីប្រកួតប្រជែង នេះនៅក្នុងប្រទេសកម្ពុជា គឺមានគោលបំណងផ្តល់ឱកាសដល់សិស្សានុសិស្សរបស់ខ្មែរមានឱកាសបញ្ចេញសមត្ថភាព និងបង្ហាញសមត្ថភាពរបស់ពួកគេ នៅលើឆាតអន្តរជាតិបាន។

លោក អ៊ែល ណូរី បានបញ្ជាក់ទៀតថា ក្រោយពីការប្រកួតនេះក៏បានសបញ្ជាក់ឱ្យឃើញដែរថា សិស្សានុសិស្សរបស់កម្ពុជា គឺគិតជាមានសមត្ថភាព ក្នុងការប្រកួតដណ្តើម ជយលាភីលើឆាតអន្តរជាតិ មិនចាញ់បរទេសនោះឡើយ ក្នុងនោះក្រុមហ៊ុនរបស់លោក នឹងរៀបចំកម្មវិធីប្រឡងដូចនេះម្តងទៀត នៅទីក្រុង London ចក្រភពអង់គ្លេសនៅខែតុលា ឆ្នាំ២០២២ខាងមុខទៀតផងដែរ ៕