(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល បានថ្លែងថា កម្ពុជាកំពុងសិក្សាលទ្ធភាពបង្កើតក្រុមហ៊ុនជាតិមួយ ដើម្បី គ្រប់គ្រងលើការបូមប្រេងនៅ ប្លុក A ដោយរដ្ឋាភិបាលគ្រោងបន្តដំណើរការបូមប្រេងពីប្លុក A ឡើងវិញ ក្នុងពេលឆាប់ៗនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងរ៉ែ និងថាមពល» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោក ម៉េង ស័ក្តធារ៉ា រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ការបង្កើតក្រុមហ៊ុនជាតិលើការគ្រប់គ្រងការបូមប្រេងនេះ គឺរដ្ឋាភិបាលមិនចង់ពឹងផ្អែកលើការវិនិយោគរបស់ក្រុមហ៊ុនអន្តរជាតិទាំងស្រុងទៀតឡើយ ដោយបច្ចុប្បន្ននេះ ក្រសួងរ៉ែ និងថាមពល កំពុងពិភាក្សា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំសមាសភាពទទួលខុសត្រូវកិច្ចការនេះ។

គម្រោងបង្កើតក្រុមហ៊ុនជាតិគ្រប់គ្រង លើការបូមប្រេងនេះ ធ្វើឡើងបន្ទាប់ពីវិស័យបូមប្រេង នៅកម្ពុជាជួបបញ្ហាស្មុគស្មាញ ក្រោយការវិនិយោគរបស់ក្រុមហ៊ុន KrisEnergy បានក្ស័យធន និងបានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននេះ។

លោកបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងរ៉ែ និងថាមពល កំពុងសិក្សាជាមួយ EnerCam Resources Corp (Cambodia) របស់ប្រទេសកាណាដា ដើម្បីចាប់ផ្តើមដំណើរការមូបឡើងវិញ ដោយប្រើឧបករណ៍ដែលមានស្រាប់ ដែលបានបង្កកពីក្រុមហ៊ុន KrisEnergy។

ទោះជាយ៉ាងណានេះក្តីពេលវេលា នៃការចាប់ផ្តើមដំណើរការបូមប្រេង ដែលនៅសល់នេះ មិនត្រូវបានមន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែរូបនេះ បញ្ជាក់ឱ្យដឹងឡើយ ដោយបបច្ចុប្បន្នរដ្ឋាភិបាលកំពុងចរចាជាមួយក្រុមហ៊ុន របស់កាណាដាក្នុងការបូមបន្ត។

លោក ម៉េង ស័ក្តធារ៉ា បានគូសបញ្ជាក់បន្ថែមថា ប្លុក A មានសក្តានុពលធំណាស់ ដោយសារតែធនធានប្រេងនៅតំបន់នេះ ត្រូវបានបញ្ជាក់រួចហើយថា មានលក្ខណៈពាណិជ្ជកម្ម និងបានចំណាយទុនវិនិយោគអស់ប្រមាណ២០០លានដុល្លារ និងពេលវេលាសិក្សាអស់ជាច្រើនឆ្នាំ។ ប្រសិនបើក្រុមហ៊ុនថ្មី មកវិនិយោគលើការបូមប្រេងបន្ត នឹងមិនចំណាយ២០០លានដុល្លារ សម្រាប់វិនិយោគទៀតនោះទេ ដោយធ្វើការចាប់ផ្តើមផលិតកម្មតែម្តង។

លោកបានឱ្យដឹងបន្ថែមថា បន្ទាប់ពីក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី បានប្រកាសក្ស័យធន កម្ពុជាបានបង្កកសម្ភារៈមួយចំនួនរបស់ក្រុមហ៊ុននេះ មានដូចជាកប៉ាល់ផលិតកម្មប្រេង ដែលមានតម្លៃ១៤លានដុល្លារ រួមនឹងគ្រឿងម៉ាស៊ីនផ្សេងៗមួយចំនួនទៀត។
ប្រសិនបើចរចាគ្នាត្រូវជុំវិញការលួចដឹកប្រេងរបស់កប៉ាល់ MT Strovolos កម្ពុជានឹងរឹបអូសយកសម្ភារៈទាំងនោះមកតែម្តង ដើម្បី បន្តដំណើរការផលិតកម្មប្លុក A។

លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតបានថ្លែងថា កម្ពុជាមានតំបន់សម្រាប់រុករកស្រាវជ្រាវធនធានប្រេង នៅលើដែនគោកចំនួន ១៩ប្លុក ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់រកឃើញថា មានធនធានប្រេងកាតលក្ខណៈពាណិជ្ជកម្ម នៅតំបន់ណាមួយនៅឡើយទេ។ ដោយឡែកនៅដែនសមុទ្រមានចំនួន ៦ប្លុក សម្រាប់សិក្សាស្រាវជ្រាវ ក្នុងចំណោមប្លុកទាំងនោះ មានតែប្លុក A មួយប៉ុណ្ណោះ ដែលបញ្ជាក់ថាមានប្រេងលក្ខណៈពាណិជ្ជកម្ម និងបានផលិតដំបូងនៅចុងឆ្នាំ២០២០ ក្រៅពីនោះមិនទាន់មានការបញ្ជាក់ថា ជាប្លុកមានប្រេងកាតនោះទេ។

លោកបន្តថា ក្រៅពីប្លុក A មានប្លុក D មួយទៀត ត្រូវបានរដ្ឋាភិបាលចុះកិច្ចព្រមព្រៀងដើម្បីសិក្សាស្រាវជ្រាវ។ ចំណែកប្លុកផ្សេងទៀត ដូចជា B C E និង F មិនទាន់មានការសិក្សាស្រាវជ្រាវនៅឡើយ ខណៈក្រសួងកំពុងធ្វើការទាក់ទាញក្រុមហ៊ុនវិនិយោគនានា ដើម្បីសិក្សាស្រាវជ្រាវរកប្រេងកាត នៅក្នុងប្លុកទាំងនេះ៕