(សៀមរាប)៖ «ដើមត្នោត» គឺជាដើមឈើមួយប្រភេទដែលបង្ហាញពីអត្តសញ្ញាណនៃជាតិខ្មែរ និងជាដើមឈើដ៏មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ធខ្នែរផងដែរ។ ដោយផ្លែត្នោត គេអាចបរិភោគសាច់របស់វាដោយមានរសជាតិផ្អែម អាចយកទៅធ្វើជាបង្អែមផ្សេងៗ និងធ្វើជាមុខម្ហូបជាច្រើនមុខទៀត។ ចំណែកឯផ្លែត្នោតទុំវិញអាចយកវាទៅធ្វើជានំយ៉ាងឈ្ងុយឆ្ងាញ់ និងស្លឹកត្នោត អាចយកទៅត្បាញធ្វើជាសំភារៈមួយចំនួនដូចជា៖ មួក កន្ដ្រក កន្ទេល វេចខ្ចប់នំ និងដើមត្នោតងាប់វិញអាចច្នៃធ្វើជាវត្ថុអនុស្សាវរីយ៍ ដ៏ស្រស់ស្អាតជាច្រើនទៀតផង។

ក្នុងកិច្ចសម្ភាសន៍ជាមួយ Fresh News នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ អ្នកស្រី ឡោ ស្រីល័ក្ខ ស្ថាបនិក កាត៉េមត្នោតខ្មែរ (The Plam Ice Cream) បានលើកឡើងថា «ការដែលអ្នកស្រីយកត្នោតទុំមកធ្វើជាការ៉េម ដោយយល់ថាដើមត្នោតជាអត្តសញ្ញាណនៃជាតិខ្មែរ និងចង់បំផុសគំនិតឱ្យប្រជាពលរដ្ធចេះកែច្នៃអ្វីដែលខ្មែរមាន និងចង់ឱ្យប្រជាកសិករមានការងារគ្រប់ៗគ្នា។ ម្យ៉ាងវិញទៀត កន្លងមកត្នោតទុំប្រជាពលរដ្ធធ្វើបានត្រឹមតែនំត្នោត និងធ្វើបានតាមរដូវកាល ហើយក៏មិនមានការកែច្នៃធ្វើអ្វីផ្សេងទៀត។ ដោយអ្នកស្រីចេះធ្វើការ៉េមផង ក៏បានភ្ជាប់ជាមួយនឹងរស់ជាតិត្នោត ដើម្បីមានការទាក់ទាញ និងបង្កើនប្រាក់ចំណូលដល់គ្រួសារផងដែរ។ អ្នកស្រីបានចំណាយពេលរៀនពីរបៀបកែច្នៃការរ៉េម ពីសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ុលឌុយប្រ៉ូល ក្នុងខេត្តសៀមរាប តាំងពីឆ្នាំ២០១៧មកហើយ ដោយរៀនរយៈពេល៩ខែ និងបានចុះអនុវត្តផ្ទាល់នៅសណ្ឋាគាររយៈពេល២ខែទៀត»

ដោយឡែក ការ៉េមត្នោតចាប់ផ្តើមបើកដំណើរការនៅឆ្នាំ២០២០មកហើយ ចំពោះការលក់ដំបូងមានការគាំទ្រពីអតិថិជន តែដោយជំងឺកូវីដ១៩ រីករាលដាលដាលខ្លាំង បានធ្វើឱ្យធ្លាក់ចុះអតិថិជនជាខ្លាំង។ បន្ទាប់ពីជំងឺកូវីដ១៩ ធូរស្បើយ សន្ទុះនៃការគាំទ្របានងើបឡើងវិញ ធ្វើឱ្យស្ថាបនិក ការ៉េមត្នោតខ្មែរ (The Plam Ice Cream) រូបនេះ មានបំណងចង់ប្រឡូកទីផ្សារនៅក្នុងរាជធានីភ្នំពេញប ន្ទាប់ពីមានការគាំទ្រ ក្នុងខេត្តសៀមរាប។

អ្នកស្រី ឡោ ស្រីល័ក្ខ ក្នុងវ័យទើបតែ៣២ឆ្នាំ ដោយកើតក្នុងគ្រួសារដែលជាអ្នកផលិតការ៉េម ជាង២០ឆ្នាំមកហើយ។ អ្នកស្រីបានប្រមូលទិញផ្លែត្នោតទុំពីប្រជាកសិករ ក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្មុង១ផ្លែត ម្លៃពី៥០០រៀលដល់ ១,០០០រៀល ទៅតាមទំហំផ្លែត្នោត។ រដូវត្នោតទុំចាប់ពីខែឧសភា ខែមិថុនា និងខែកក្តដា ដែលបានប្រមូលទិញយកមកបកសំបកស្ងោរ រួចច្រកថង់ក្លាស្សេទុក នៅពេលមានតម្រូវការធ្វើទើបយកមកតាមចំនួនក្នុងការធ្វើការ៉េមត្នោត។

ទន្ទឹមនឹងនោះ អ្នកស្រីក៏ជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ធទាំងអស់ គួរតែសិក្សាអំពីរបៀបកែច្នៃរបស់របរ ឬក៏កសិផលផ្សេងៗ ដែលមាននៅក្នុងស្រុក ជៀសវាងការនាំចូលមកពីបរទេសច្រើនពេក ដែលធ្វើឱ្យបាត់បង់ការងារ និងប្រាក់ចំណូលមួយផ្នែករបស់ពលរដ្ធ ព្រមទាំងចង់ផ្សព្វផ្សាយពីសក្តានុពលត្នោតខ្មែរដល់វិស័យទេសចរណ៍ផងដែរ។

បច្ចុប្បន្ន ការ៉េមត្នោតទុំខ្មែរ មានដាក់លក់នៅផ្សារផលិតផលខ្មែរ ដែលមានទេសចរបរទេសភាគច្រើនចូលសាក និងភ្លក់រសជាតិ។ ដ្បិតជាផលិតផលថ្មី តែការ៉េមត្នោតទុំ ទទួលបានការគាំទ្រ និងសរសើរពីអតិថិជន ដែលថាប្លែក និងឆ្ងាញ់។ ក្រៅពីលក់នៅតូបហើយ អ្នកស្រី ឡោ ស្រីល័ក្ខ ក៏ផលិតចែកចាយតាមហាង និងភោជនីយដ្ឋានមួយចំនួន ក្នុងក្រុងសៀមរាបផងដែរ។

ជាមួយនេះដែរ អ្នកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ធ ឱ្យជួយគាំទ្រដល់ផលិតផលខ្មែរទាំងអស់ ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ មិនម៉ែនតែការ៉េមត្នោតមួយមុខនោះទេ ដើម្បីផ្តល់ឱកាសការងារដល់ប្រជាពលរដ្ធ និងមានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ ព្រមទាំងជៀសវាងការចំណាកស្រុកខុសច្បាប់ផង៕