(បាត់ដំបង)៖ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាស្ដីពីការពិគ្រោះយោបល់ ពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋបាលខេត្តបាត់ដំបង និងអង្គការសង្គមស៉ីវិល ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តបាត់ដំបង នៅសាលប្រជុំអគារ E សាលាខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនោះ លោក សុខ លូ លើកឡើងថា នៅក្នុងខេត្តបាត់ដំបង មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣៥៦ ប៉ុន្តែជាក់ស្ដែងមានតែអង្គការ សមាគមចំនួន ១៤៧ប៉ុណ្ណោះ ដែលបាននឹងកំពុងប្រតិបត្តិការសកម្មភាព លើវិស័យនានាដូចជា វិស័យកសិកម្ម វិស័យដីធ្លី វិស័យសំណង់ វិស័យច្បាប់ ធនធានធម្មជាតិ អភិបាលកិច្ចល្អ អប់រំ កុមារស្រ្ដី យេនឌ័រ សុខាភិបាល សង្គមកិច្ច និងសេដ្ឋកិច្ច វប្បធម៌ជាដើម។

លោកបានបន្តទៀតថា រដ្ឋបាលខេត្ត តែងតែបានបង្កលក្ខណៈងាយស្រួលផ្ដល់កិច្ចសហការល្អ និងតែងតែសម្របសម្រួលឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដេលចុះបញ្ជីស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិសេរីភាពពេញលេញ ក្នុងការធ្វើសកម្មភាពរបស់ខ្លួន នៅតាមបណ្ដាមូលដ្ឋានក្នុងខេត្តបាត់ដំបង។ ក្នុងនោះ លោកបានស្នើដល់អាជ្ញាធរដែនដី មន្ទីរអង្គភាព សមត្ថកិច្ចពាក់ព័ន្ធ បន្តសហការគ្នាឱ្យបានល្អជាំមួយបណ្ដាសមាគម អង្គការមិនមែនរដ្ឋាភិបាល ឬសហគមន៍ដែលបានចុះបញ្ជីត្រឹមត្រូវ និងបានអនុវត្តសកម្មភាពស្របតាមលក្ខន្ដិកៈ។

លោក ក៏បានអនុញ្ញាតិឱ្យអ្នកតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល ឬសហគមន៍ដើម្បីឡើងផ្ដល់ជាមតិយោបល់ ចោទជាសំណួរ និងសំណូមពរដល់រដ្ឋបាលខេត្តបាត់ដំបង អំពីបញ្ហាប្រឈមដែលតែងតែជួបប្រទះកន្លងមក ដើម្បីធ្វើការកែលម្អឱ្យបានប្រសើរជាងមុនក្នុងន័យដើម្បីសហការគ្នាកាន់តែល្អជាងមុនបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ លោក សុខ លូ ក៏បានលើកឡើងអំពីបញ្ហាសណ្ដាប់ធ្នាប់ក្នុងខេត្តបាត់ដំបង ក៏ដូចជាបញ្ហាអនាម័យដែលកំពុងតែធ្វើការដោះស្រាយយ៉ាងមមាញឹក នាពេលបច្ចុប្បន្ន។ លោកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋ ដែលជាម្ចាស់លំនៅដ្ឋាន បានធ្វើការស្ម័គ្រចិត្តរុះរើសំយ៉ាបផ្ទះ ផ្ទាំងប៉ាណូផ្សព្វផ្សាយ តាមការការណែនាំរដ្ឋបាលខេត្តបាត់ដំបង ដើម្បីចូលរួមក្នុងការលើកកម្ពស់សោភ័ណភាពនៅក្នុងក្រុងបាត់ដំបងឱ្យស័ក្ដិសម ជាទីក្រុងទេសចរណ៍ស្អាត អាស៊ាន ហើយក៏ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្ដនៅក្នុងក្រុងបាត់ដំបង និងខេត្តបាត់ដំបង ដែលអាចគយគន់សម្រស់សំណង់អគារបុរាណដ៏ចំណាស់ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ។

លោកបានបន្តថា បើថ្ងៃខាងមុខទៀត ពលរដ្ឋបន្តចូលរួមក្នុងការស្ដារសណ្ដាប់ធ្នាប់ក្នុងក្រុងឱ្យកាន់តែស្រស់ស្អាតជាងនេះទៀតនោះ ទីក្រុងបាត់ដំបង នឹងក្លាយជាទីក្រុងវៃឆ្លាត (Smart-City) នាពេលអនាគត៕