(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែកពីស្ត្រីម្នាក់បានសម្រេច និងព្យាយាមរត់គេចចំនួន២ថ្ងៃ ព្រមទាំងដកហូតខ្សែកជនរងគ្រោះ រួមនឹងម៉ូតូជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារ អំពៅសាកសួរ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យបានធ្វើសកម្មភាពឆក់ខ្សែក ពីជនរងគ្រោះឈ្មោះ ដុង ធីឌែប អាយុ៧៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះ០៥F ផ្លូវ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ជនសង្ស័យឈ្មោះ ញ៉ែម យ៉ុម អាយុ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

របាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះ កំពុងឈរនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាក Honda Scoop ពណ៌ស ផ្លាកលេខ ភ្នំពេញ ១JM-២២០១ មកពីក្រោយឆក់ខ្សែកមាស ០១ខ្សែ (ទម្ងន់០៥ជី) និងធាក់ជនរងគ្រោះដួលលើផ្លូវរបួសជង្គង់ស្តាំ រួចជិះគេចខ្លួន។

តាមរយៈរបាយការណ៍សមត្ថកិច្ច បានបន្ថែមថា កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស ០៧ខែ ក្នុងឆ្នាំ២០១៩ ពីបទ៖ លួច។ ដោយឡែកសម្រាប់លទ្ធផលធ្វើតេស្តិ៍ទឹកនោមជនសង្ស័យមានសារធាតុញៀន៕