(ភ្នំពេញ)៖ សមាគមលើកកម្ពស់សុខភាពកូរ៉េ (Korea Association of Health Promotion) បានសហការជាមួយមន្ទីរពេទ្យបង្អែកខណ្ឌព្រែកព្នៅ ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ព្រែកព្នៅ និងសង្កាត់គោករការ រាជធានីភ្នំពេញ។ ការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនេះ បានប្រព្រឹត្ដទៅនៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ ចាប់ពីថ្ងៃទី៨-១៩ ខែសីហា ឆ្នាំ២០២២។

លោកវេជ្ជបណ្ឌិត JeongGyu Lee នាយកប្រតិបត្ដិអង្គការ MEDI CHECK នៃសមាគមលើកកម្ពស់សុខភាពកូរ៉េ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ថា គោលបំណងចម្បងនៃការចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ទាំង២នេះ ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា នៅតាមទីក្រុង និងជនបទ ជាពិសេស អប់រំផ្សព្វផ្សាយឱ្យពលរដ្ឋយល់ដឹងពីជំងឺមិនឆ្លង ដែលមានដូចជា ជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមជាដើម។

លោកវេជ្ជបណ្ឌិត JeongGyu Lee បានថ្លែងបន្ដថា «សម្រាប់រយៈពេល២ថ្ងៃ ក្រុមគ្រូពេទ្យរបស់យើង បានពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅសង្កាត់ព្រែកព្នៅប្រមាណជាង១០០នាក់ហើយ និងបន្ដចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋ នៅសង្កាត់គោករការ រយៈពេល៥ថ្ងៃ នឹងបន្ដផ្សព្វផ្សាយអប់រំជូនពួកគាត់បន្ថែមពីរបៀបការថែទាំសុខភាព និងរបបអាហារប្រចាំថ្ងៃសម្រាប់អ្នកជំងឺទឹកនោមផ្អែម ពិសេសដើម្បីចៀសផុតពីជំងឺមិនឆ្លងខាងលើនេះ»

នាយកប្រតិបត្ដិរូបនេះ បានគូសបញ្ជាក់ថា «នេះជាលើកទីមួយហើយ ដែលសមាគមយើង បានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅសង្កាត់ទាំងពីរនេះ តែលោកសង្ឃឹមយ៉ាងមុតមាំថា នឹងមានជាបន្ដបន្ទាប់ទៀត»។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល បានផ្ដល់ការសហការដ៏កក់ក្ដៅ ទើបមានឱកាសបែបនេះកើតឡើង។ លើសពីនោះ ក៏សូមអរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមមកទទួលពិនិត្យព្យាបាលដោយឥតគិតថ្លៃនេះ។

គួររម្លឹកថា កាលពីថ្មីៗនេះសមាគមលើកកម្ពស់សុខភាពកូរ៉េ សហការជាមួយ មន្ទីរពេទ្យបង្អែកខណ្ឌព្រែកព្នៅ បើកអង្គប្រជុំគណៈកម្មាធិការតម្រង់ទិសជាលើកទី១ ក្នុងការអនុវត្តគម្រោងគ្រប់គ្រង និងទប់ស្កាត់ជំងឺមិនឆ្លង (ជំងឺទឹកនោមផ្អែម និងលើសឈាម) តាមរយៈការប្រើប្រាស់ប្រព័ន្ធ mHealth នៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ (២០២២-២០២៤) ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងគម្រោងនោះ ប្រជាពលរដ្ឋក្នុងសង្កាត់គោករការ និងសង្កាត់ព្រែកព្នៅប្រមាណ ១០០០នាក់ នឹងទទួលបានសេវាត្រួតពិនិត្យសុខភាព ហើយប្រជាពលរដ្ឋដែលទទួលបានការត្រួតពិនិត្យរួចឃើញថា មានជំងឺទឹកនោមផ្អែមនឹងទទួលបានការព្យាបាល ការប្រឹក្សាយោបល់ ការប្រើប្រព័ន្ធmHealthតាមដានសុខភាព និងការហ្វឹកហាត់ថែទាំសុខភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងលើសឈាម។
ក្នុងនោះដែរដើម្បីឱ្យគម្រោងប្រព្រឹត្តទៅបាន ខាងគម្រោងនឹងផ្តល់នូវគ្រឿងបរិក្ខារត្រួតពិនិត្យសុខភាពដល់មន្ទីរពេទ្យបង្អែកព្រែកព្នៅ អភិវឌ្ឍប្រព័ន្ធmHealth និងបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីសុខាភិបាលនៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ និងអ្នកជំងឺទឹកនោមផ្អែម និងលើសឈាម៕