(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា។ នេះបើតាមដីការបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

បន្ទាប់ពីធ្វើការចោទប្រកាន់ តំណាងអយ្យការបាន បង្គាប់ឱ្យបញ្ជូនជនជាប់ចោទ និងវត្ថុតាងព្រមទាំងបញ្ជីរាយនាមជនដែលទាក់ទិនក្នុងសំណុំរឿងនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះតាមច្បាប់។

ទន្ទឹងគ្នានេះការចោទប្រកាន់ខាងលើនេះ តំណាងអយ្យការក៏បានចោទប្រកាន់ លោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានសម្រេចប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធការចោទ និងបំភ្លៃជុំវិញដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ដោយស្នើសុំឲ្យផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ៤ពាន់លានរៀល ឬស្មើនឹង ១លានដុល្លារអាមេរិក។

ការដាក់ពាក្យបណ្តឹងនេះ ធ្វើឡើងបន្ទាប់ពី លោក សុន ឆ័យ បានបរិយាយតាមសារព័ត៌មានអនឡាញដោយចោទថា លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានការលួចបន្លំសន្លឹកឆ្នោត៕