(កំពង់ចាម)៖ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនិងថ្ងៃ១២ ខែសីហា ឆ្នាំ២០២២ លោកស្រី លាង វួចឆេង ហ៊ុនណេង, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោក ហ៊ុន សាន ព្រមទាំងកូនចៅ ក្រុមគ្រួសារសាច់ញាតិ របស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បន្តរៀបចំពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង។

នៅក្នុងថ្ងៃទី២ នៃពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នេះ លោកស្រី លាង វួចឆេង ហ៊ុនណេង, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោក ហ៊ុន សាន ព្រមទាំងកូនចៅ ក្រុមគ្រួសារសាច់ញាតិ បានរៀបចំនូវគ្រឿងសក្ការៈបូជា បូជាទានធូបផ្កាភ្ញីទឹកអប់ប្រេងម៉្សៅ ថ្វាយចំពោះព្រះបដិមា ធ្វើបទនមស្សការព្រះរតនត្រ័យ និងសមាទាននិច្ចសិល ក្រោមកិច្ចដឹកនាំរបស់អ្នកឧកញ៉ាព្រះស្តេច ហេង គឹមគុណ ធម្មការព្រះបរមរាជវាំង។

លោកស្រី លាង វួចឆេង ហ៊ុនណេង, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោក ហ៊ុន សាន ព្រមទាំងកូនចៅ ក្រុមគ្រួសារសាច់ញាតិ បាននិមន្តសម្តេចព្រះព្រះពោធវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី១ សម្តេចព្រះវ័ន្តរត្ន ណយ ច្រឹក ព្រះសង្ឍនាយករងទី២ សម្តេចព្រះឧត្តមវង្សា មួង រ៉ា ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ និងមន្រ្តីសង្ឃជាន់ខ្ពស់ ៩ព្រះអង្គ ចំរើនព្រះបរិត្ត នមស្សការព្រះរតនត្រ័យ និងសមាទាននិច្ចសិល តាមគន្លងប្រពៃណីសាសនា។

សូមបញ្ជាក់ថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពនៅវេលាម៉ោង ១៨និង២៥នាទី ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ ដោយជំងឺបេះដូង។ ការទទួលអនិច្ចកម្មរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង គឺជាការបាត់បង់មួយដ៏ធំធេងរបស់ស្វាមី បងប្អូនឪពុកជីតា ដែលមានព្រហ្មវិហារធម៌ដ៏ខ្ពង់ ខ្ពស់បំផុត ចំពោះភរិយាបងប្អូនកូនចៅ។

សេចក្តីល្អនិងគុណធម៌ ឧត្តុងឧត្តមបរិសុទ្ធថ្លៃថ្លា និងសេចក្តីអង់អាច ក្នុងការតស៊ូជម្នះឧបសគ្គគ្រប់យ៉ាងរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នឹងស្ថិតនៅក្នុងការចងចាំរបស់ភរិយាបងប្អូនកូនចៅ និងញាតិមិត្តទាំងអស់ គ្មានថ្ងៃបំភ្លេច បានឡើយ។

លោកស្រី លាង វួចឆេង ហ៊ុនណេង, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោក ហ៊ុន សាន ព្រមទាំងកូនចៅ ក្រុមគ្រួសារសាច់ញាតិ បានលើកហត្ថប្រណមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ ដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តេជះបារមីទេវតា រក្សាព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាមហាស្វេតច្ឆត្រ សូមលោកជួយនាំដំណើរវិញ្ញាណក័្ខន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង សូមបានទៅកាន់ឋានសួគាលៃ ប្រកបដោយបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងពិធីបុណ្យទក្ខិណានុប្បទាននាព្រឹកនេះ បន្ទាប់ពីប្រារព្វកិច្ចតាមប្រពៃណីសាសនារួចមក អង្គពិធីទាំងមូលបានអារាធនាសម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះសង្ឃ ស្វាធ្យាព្រះសតប្បករណាភិធម្ម (ដារ) រាប់បាត្រវេរភត្តាហារ ថ្វាយប្រគេន សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះសង្ឃ។ សម្តេចព្រះរាជាគណៈ ព្រះសង្ឃ កត្តានុមោទនា ពហូរទេវាធ្វន៍ បត្តិទានតាហ និមន្តសម្តេចព្រះសង្ឃនាយករង ព្រះរាជាគណៈ ព្រះសង្ឃ ៧៤អង្គ គោចរបិណ្ឌបាត្រតាមកម្មវិធីដែលបានគ្រោងទុក។

លោកស្រី លាង វួចឆេង ហ៊ុនណេង, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោក ហ៊ុន សាន ព្រមទាំងកូនចៅ ក្រុមគ្រួសារសាច់ញាតិ បានធ្វើបទនមសិកា ព្រះរតនត្រ័យ ដើម្បីរំលឹកដល់គុណបុណ្យ ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រួនៃយើង ដែលព្រះអង្គត្រាសដឹងនូវអនុត្តរះសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យ ដ៏វិសេសវិសាល បន្សល់ទុកឲ្យពុទ្ធបរិស័ទគ្រប់ជំនាន់ គោរពប្រតិបត្តិជារៀងដរាប រហូតមកដល់បច្ចុប្បន្ននិងទៅអនាគត។

ពុទ្ធឱវាទនិងធម៌វិន័យរបស់ព្រះពុទ្ធបរមគ្រួ គឺជាប្រទីប បំភ្លឺផ្លូវដល់មនុស្សលោកគ្រប់រូប ឲ្យប្រកាន់នូវអំពើល្អ អំពើជាកុសល លះបង់នូវអំពើបាប អំពើជាអកុសល ដើម្បីសាងនូវកុសលទាន តម្កល់ទុកសំរាប់អនាគតជាតិ ពិសេសទៅ ទៀតនោះ ពុទ្ធបរិស័ទគ្រប់រូបត្រូវតែគោរពប្រតិបត្តិ និងដឹងគុណចំពោះបុព្វការីជន មាន មាតាបិតាទាំងរូបលោក នៅមានអាយុសង្ខាក្តី ឬទទួលមរណភាពទៅហើយក្តី។

នៅក្នុងពិធីតាមបែបសាសនានោះដែរ សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ និង ព្រះសង្ឃទាំង៧៤ព្រះអង្គ បានប្រោសព្រំប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនដល់វិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយា លាចាកលោក យើងនេះ ទៅកាន់លោកខាងមុខហើយនោះ បានយោងយិតទៅចាប់បដិសន្ធិក្នុងឋាន បរមសុខ សុគតិភព កុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើយ និងម៉្យាងវិញទៀត តាមអំណាច នៃពិធីបុណ្យគម្រប់ខួប១០០ថ្ងៃនេះដែរ សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ និងព្រះសង្ឃទាំង៧៤អង្គ បានប្រសិទ្ធពរដល់ទសបារមីវត្ថុស័ក្តិសិទ្ធ ទេវតា ថែរក្សាក្នុងលោក សូមតាមជួយគាំពារថែរក្សាការពារ សម្តេចតេជោនាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារទាំងអស់របស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សូមមានរិទ្ធីបារមីខ្លាំងពូកែ ឈ្នះអស់មាសត្រូវ ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំ ដ៏ឆ្នើមនៅកម្ពុជា ដើម្បីថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យកាន់ តែមានភាពរីកចម្រើនរុងរឿង ចាប់តាំងពីពេលនេះជាយូរអង្វែងតរៀងទៅ ពិសេសសូម សមប្រកបតែពុទ្ធពរទាំងឡាយបួនប្រការ និងប្រកបដោយភាពត្រជាក់ត្រជុំចំរ៉ុងចំរើន គ្រប់ក្រុមគ្រួសារចាប់តាំងពីពេលនេះតរៀងទៅ។

រយៈពេលគម្រប់១០០ថ្ងៃមកនេះ និងតទៅមុចខទៀត ភរិយាបងប្អូនកូន ចៅទាំងអស់ ព្រមទាំងញាតិមិត្តជិតឆ្ងាយ ពិតជាលែងបានជួបមុខសម្តេចឧត្តមទេពញាណ ហ៊ុន ណេងជារៀងរហូត។ សេចក្តីល្អ និងគុណធម៌ឧត្តុងឧត្តមបរិសុទ្ធថ្លៃថ្លា និងសេចក្តីអង់អាច ក្នុងការតស៊ូជម្នះ ឧបសគ្គគ្រប់យ៉ាងរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នឹងស្ថិតនៅក្នុងការចងចាំរបស់ភរិយាបងប្អូនកូន ចៅ និងញាតិមិត្តទាំងអស់ គ្មានថ្ងៃបំភ្លេចបានឡើយ។ យើងទាំងអស់គ្នា ជាភរិយាបងប្អូនកូន គ្រប់រូប សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ដល់វត្ថុសក្តិសិទ្ធក្នុងលោក តេជះបារមីទេវតា រក្សាព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាមហាស្វេតច្ឆត្រ សូមលោកជួយនាំដំណើរវិញ្ញាណក័្ខន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មករិយាទៅកាន់លោកខាងមុខអស់រយៈពេល១០០ថ្ងៃកន្លងមក សូមបានទៅកាន់ឋានសួគាលៃ ប្រកបដោយបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា បើតាមជីវប្រវត្តិរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានឲ្យដឹងថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង មានឈ្មោះដើម ហ៊ុន ឡុងសេង ប្រសូត្រនៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩៥០ ត្រូវនឹងថ្ងៃអាទិត្យ ១៥កើត ខែចេត្រ ឆ្នាំឆ្លូវ ពុទ្ធសករាជ២៤៩៣ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្តាយឈ្មោះ ឌី ប៉ុក។ សម្តេចជាកូនទី២ ក្នុងចំណោមបងប្អូនប្រុសស្រី៦នាក់។ សម្តេចបានរៀបអាពាហ៍ពិពាហ៍ជាមួយនិងលោកជំទាវ លាង វួចឆេង នៅឆ្នាំ១៩៧១ និងមានបុត្រាបុត្រីចំនួន៦នាក់។

ក្នុងនាមជាកូនកសិករម្នាក់ មុនឆ្នាំ១៩៧០ សម្តេចបានតស៊ូសិក្សារៀនសូត្រ នៅសាលាបឋមសិក្សាពាមកោះស្នា និងបន្តនៅ អនុវិទ្យាល័យស្ទឹងត្រង់។ ជាបន្តបន្ទាប់សម្តេចបានខិតខំបន្តការសិក្សារៀនសូត្ររហូតចប់ ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់ គ្រងសេដ្ឋកិច្ច និងរដ្ឋបាល នៅឆ្នាំ១៩៩៧ មិនតែប៉ុណ្ណោះសម្តេច ក៏បានទទួលនូវ សញ្ញាបត្របណ្ឌិតកិត្តិយស ពីស្ថាប័នសាកលវិទ្យាល័យជាតិ និងអន្តរជាតិមួយចំនួនផងដែរ។

ក្នុងដំណាក់កាលសង្រ្គាមពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ សម្តេចស្ថិតក្នុងរំដោះនាស្រុកកំណើត និងក្នុងពេលប្រទេសជាតិធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត សម្តេចបានចូលបម្រើក្នុងកងទ័ព នៃរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា។ ចាប់ពីពេលនោះរហូតមក ដោយសាសម្តេចមានបញ្ញាឈ្លាសវៃ និងមានសមត្ថភាព សម្តេចត្រូវបានតែងតាំងក្នុងមុចនាទីជាបន្តបន្ទាប់រួមមាន ជាប្រធានមន្ទីរខេត្តកំពង់ចាម ក្នុងឆ្នាំ១៩៧៩ ជាប្រធានមន្ទីរផែន ការខេត្តកំពង់ចាមនៅឆ្នាំ១៩៨១ ជាអភិបាលស្រុកក្រូចឆ្មារ នៅឆ្នាំ១៩៨២ ជាអភិបាលខេត្តកំពង់ចាម នៅឆ្នាំ១៩៨៤ ជាអភិបាលខេត្តស្វាយរៀង នៅឆ្នាំ១៩៩៩ និងវិលត្រឡប់មកធ្វើជាអភិបាលខេត្តកំពង់ចាមវិញ នៅឆ្នាំ២០០០។

សម្តេចបានចូលនិវត្តពីក្របខណ្ឌមុខងារសាធារណៈនៅឆ្នាំ២០១៣ និងត្រូវបានឈរឈ្មោះ និងជាប់ឆ្នោតជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភាជាតិរហូតមកដល់បច្ចុប្បន្ន។

ក្នុងពលីកម្មដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ សម្តេចក៏ត្រូវបានប្រទាន នូវគ្រឿងឥស្សរិយយសជាច្រើន ពីព្រះមហាក្សត្រ ក្នុងនោះគ្រឿងឥស្សរិយយសដែលខ្ពស់បំផុត របស់ព្រះរាជាណាចក្រកម្ពុជា គឺជាតូបការ។ ពេញមួយជីវិតរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ពិសេសពេលវេលាដែលសម្តេចបានមកដឹកនាំនៅខេត្តកំពង់ចាម សម្តេចតែងតែបំពេញការងារសង្គម ការងារមនុស្សធម៌ ជាអ្នកកសាងមូលដ្ឋាននៃការអភិវឌ្ឍនៅខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

តាមរយៈសកម្មភាពការងារទាំងអស់នោះ បានធ្វើឲ្យសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ទទួលបាននូវការគោរពស្រឡាញ់ ពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា សម្តេចឧត្តមទេពញាណ ហ៊ុន ណេងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងពិធីតាមបែសាសនានោះដែរ លោកស្រី លាង វួចឆេង ហ៊ុនណេង សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោក ហ៊ុន សាន ឧបាសក ហ៊ុន ស៊ាងហេង លោកស្រី ហ៊ុន គឹមឡេង និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អ្នកឧកញ៉ា ហ៊ុន តូ និងលោកស្រី លោកស្រី ហ៊ុន ចាន់ធូ និងស្វាមី លោកស្រី ហ៊ុន ចាន់ថា និងស្វាមី លោក ហ៊ុន តុលា និងភរិយា ត្រូវជាភរិយា ប្អូនបង្កើន ប្អូនថ្លៃ កូនបង្កើត កូនប្រសារ ចៅៗទាំអស់ របស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង អញ្ជើញសែនព្រេនជើងធូបបុព្វការីជនរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រកបដោយក្តីជ្រះថ្លា និងកតញ្ញូតាធម៌បំផុត៕