(សៀមរាប)៖ ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់រយៈពេលអនុគ្រោះ លើកលែងការពិន័យជាប្រាក់ ចំពោះអាជីវលម្ម សេវាកម្ម មគ្គុទេសក៍ទេសចរណ៍ ព្រមទាំងអាជីវកម្មទាំងអស់ដែលទាក់ទង និងវិស័យទេសចរណ៍។

យោងតាមលិខិតជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលបានចេញនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ មានខ្លឹមសារថា ក្រសួងទេសចរណ៍មានកិត្តិយសជម្រាបជូនដំណឹងដល់សមាគមមគ្គទ្ទេសក៍ទេសចរណ៍ និងមគ្គទេសក៍ទេសចរណ៍ទាំងអស់ មេត្តាជ្រាបថា ដើម្បីជាយន្តការលើកទឹកចិត្តដល់លោក លោកស្រីជាមគ្គុទេសទេសចរគ្រប់កម្រិត ក្នុងការត្រៀមការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា និងឆ្ពោះទៅកាន់ឆ្នាំទស្សនាកម្ពុជា២០២៣ (Visit Cambodia Year 2023) ក្រសួងទេសចរណ៍សម្រេចដាក់ចេញនូវយន្តការដូចខាងក្រោម៖

*ទី១៖ ផ្តល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទេសទេសចរគ្រប់កម្រិត ដោយចាប់អនុវត្តពីថ្ងៃចុះហត្ថលេខានេះ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
*ទី២៖ ផ្ដល់ការលើកលែងការស្នើសុំលិខិតបញ្ជាក់សុខភាព ដោយយកជំនួសមកវិញនូវលិខិត ឬកាតបញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ១៩គ្រប់ដូស និងដូសជម្រុញ ដោយចាប់អនុវត្តពីថ្ងៃចុះហត្ថលេខានេះ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ផងដែរ។

សូមបញ្ជាក់ថា មគ្គទ្ទេសក៍ទេសចរណ៍ដែលមានអាជ្ញាប័ណ្ណទេសចរណ៍ហួសសុពលភាពត្រូវរួសរាន់មកដាក់ពាក្យស្នើសុំបន្តអាជ្ញាប័ណ្ណទេសចរណ៍ នៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត។ ចំពោះព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០១២ ៧៥៧ ៣៧៦ ឬ០៩២ ៧៧៩ ៨៣៣ រៀងរាល់ម៉ោងធ្វើការ៕