(ភ្នំពេញ)៖ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ ដោយមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសសន្និបាទគណកម្មាធិការកណ្តាលវិសាមញ្ញគណបក្សប្រជាជនកម្ពុជា សម្តេចអនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានអចិន្ត្រៃយ៍គណបក្ស និងបានការសម្របសម្រួលពីលោក ម៉ម សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងអនុវត្តបទបញ្ជារបស់លោកសាស្ត្រាចារ្យ ជា តារា ប្រធានអនុគណៈកម្មការ ក.២៦.១១ សមាជិកសមាជិកានិស្សិតនៃអនុគណៈកម្មការ ក.២៦.១១.២ មហាវិទ្យាល័យបញ្ជាការសេនាធិការនៃសាកលវិទ្យាល័យការពារជាតិ បានទៅបំពេញទស្សនកិច្ចសិក្សានៅវិមាន៧មករា (គ៨៥)។

ធ្វើសេចក្តីរាយការណ៍ក្នុងឱកាសនោះ លោក កែន សារ៉ន ប្រធានប្រតិភូនិស្សិត បានថ្លែងថា ក្នុងនាមសមាជិកសមាជិកានៃអនុគណៈកម្មការ ក.២៦.១១ ដែលមានលោកសាស្ត្រាចារ្យ ជា តារា ជាប្រធាន សូមគាំទ្រទាំងស្រុង និងអនុវត្តជាដាច់ខាតតាមសេចក្តីសម្រេចចិត្តរបស់សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ពិសេសប្រសាសន៍ណែនាំដ៏មានតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា ប្រកបដោយសិរីមង្គលដ៏ឧតុង្គឧត្តមនៃទិវាខួបកំណើតគម្រប់៧០ឈានចូល៧១ឆ្នាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោកសាស្ត្រាចារ្យ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ទទួលបន្ទុកជាសាកលវិទ្យាធិការ ក្នុងនាមថ្នាក់ដឹកនាំ គ.២៦.១១ សាកលវិទ្យាល័យការពារជាតិ សូមគោរពជូនពរបវរមហាប្រសើរ សិរីមង្គល វិបុលសុខជូន សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ ពលានុភាពខ្លាំងក្លា បញ្ញាញាណឈ្លាសវៃ មានជន្មាយុយឺនយូរ សម្រេចបានដោយជោគជ័យក្នុងការដឹកនាំយើងខ្ញុំទាំងអស់គ្នា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ។

យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅនិងភក្តីភាពដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្ត ចំពោះសម្តេចតេជោដែលជាស្ថាបនិកនៃសន្តិភាព ផ្តើមចេញពីពលីកម្មដ៏ឧតុង្គឧត្តមក្នុងការដឹកនាំចលនាតស៊ូរំដោះជាតិចេញពីរបបខ្មៅងងឹត រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រថ្ងៃ៧មករា ឆ្នាំ១៩៧៩។ សម្តេចតេជោបានបន្តតស៊ូលះបង់សព្វបែបយ៉ាង ទាំងកម្លាំងកាយចិត្ត បញ្ញាញាណ មិនគិតពីអាយុជីវិត និងសេចក្តីសុខផ្ទាល់ខ្លួន ប្រែពីប្រទេសដែលញាំញីដោយសង្គ្រាមរ៉ាំរ៉ៃ ក្លាយជាឯកភាពជាតិ មានអធិបតេយ្យជាតិ និងបូរណភាពទឹកដីពេញលេញដោយនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ នៅក្នុងព្រឹត្តិការណ៍តំបន់ប្រាសាទព្រះវិហារឆ្នាំ២០០៨ សម្តេចតេជោបានដាក់ចេញនូវបទបញ្ជាដ៏មានប្រសិទ្ធភាព ការពារបាននូវបូរណភាពទឹកដី សម្រេចជោគជ័យលើវិស័យយោធា នយោបាយ ការទូតនិងផ្លូវច្បាប់ ប្រែក្លាយជាព្រំដែនសន្តិភាព។

ដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន សម្តេចតេជោបានធ្វើសព្វគ្រប់បែបយ៉ាងប្រកបដោយបញ្ញាញាណ ញាណដឹងមុន ប្រៀបបាននឹងទេវតាចាប់ជាតិ វាយបំបាក់បានទាន់ពេលវេលាសកម្មភាព ក្បត់ជាតិ ពពួកអគតិដែលប៉ុនប៉ងបំផ្លាញសន្តិភាពនិងសេចក្តីសុខរបស់ប្រជាជនកម្ពុជា ទទួលបាននូវបេះដូងគាំទ្រដ៏បរិសុទ្ធពីគ្រប់ស្រទាប់ ពិសេសកម្មករ កសិករ គ្រួសារអតីតយុទ្ធជន។

ស្ថិតក្នុងបរិការណ៍ជំងឺកូវីដ១៩ដែលឆ្លងរាលដាលជាសាកល សម្តេចតេជោបានខឹតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ ដឹកនាំប្រយុទ្ធប្រឆាំងដោយជោគជ័យ ដើម្បីសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាជន។

យើងខ្ញុំទាំងអស់គ្នាសូមលំឱនកាយគោរព អរគុណសន្តិភាព អរគុណសម្តេចតេជោស្ថាបនិកសន្តិភាព និងសូមគាំទ្រទាំងស្រុងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ព្រមទាំងគាំទ្របេក្ខភាពលោកមេបញ្ជាការ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត។

យើងខ្ញុំទាំងអស់គ្នាសូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រៃយ៍ និងវត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស ចៅស្រី សូមប្រកបបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជារួមគឺ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាគាំទ្រ ការពារ និងស្មោះត្រង់ដាច់ខាតចំពោះគណបក្សប្រជាជនកម្ពុជា ត្រូវតែបន្តគ្រប់គ្រងអំណាចជាអមតៈសម្រាប់អ្នកជំនាន់ទី២ មិនអាចខ្វះបានបេក្ខភាពលោកមេបញ្ជាការ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអនាគត គិតទាំងការបន្តវេនជំនាន់ទី៣ ទី៤ និងជារៀងរហូត ត្រូវតែស្ថិតនៅក្នុងដៃក្នុងជួរគណបក្សប្រជាជនកម្ពុជា ដោយភាពរឹងមាំ ម៉ឺងម៉ាត់ ដើម្បីការពារសន្តិភាពនិងការអភិវឌ្ឍ បម្រើជាតិនិងប្រជាជន។

លោក កែន សារ៉ន បានបញ្ជាក់ថា អនុគណៈកម្មការ ក.២៦.១១ បានដឹកនាំកំណែទម្រង់លើគ្រប់វិស័យ ដើម្បីប្រសិទ្ធភាព និងសក្តិសិទ្ធភាពនៃការងារបណ្តុះបណ្តាល ដាក់ចេញនូវគោលដៅសំខាន់២៖ ទី១.ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ និងទី២.ជាមជ្ឈមណ្ឌលតម្រង់ទិសអំពីគោលជំហរទស្សននយោបាយចំទិស ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត គឺសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ប្រតិភូនិស្សិតបានស្តាប់បទឧទ្ទេសនាមរបស់លោក ហង្ស សុទ្ធសំភា អនុរដ្ឋលេខាធិការក្រសួងដែនដី អំពីស្ថាបត្យកម្មសំណង់វិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាដ៏ធំស្កឹមស្កៃពោរពេញដោយប្រណីតភាព ស្ថិតកណ្តាលរាជធានីភ្នំពេញក្នុងយុគសម័យនៃការអភិវឌ្ឍ ត្រូវបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយទើបនឹងសាងសង់រួចរាល់ក្នុងខែមិថុនា ឆ្នាំ២០២០នេះ។

លោក កែវ លីហ៊ុយ ប្រធាននាយកដ្ឋានគ្រប់គ្រង បានឱ្យដឹងថា វត្តមានថ្មីនៃអគារទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នឹងក្លាយទៅជាកន្លែងប្រតិបត្តិការងារដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំបំផុត ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល និងទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនាអនាគតប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា។

លោកថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថាវិមានដ៏ធំស្កឹមស្កៃនេះ គឺបង្ហាញពីសាមគ្គីភាពជោគជ័យត្រចះត្រចង់ និងបារមីរឹងមាំនៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំជាងគេបំផុតនៅក្នុងប្រទេស ដែលតែងតែទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋឲ្យបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខ។
សម្តេចតេជោ ហ៊ុន សែន អរគុណសន្តិភាព និងអរគុណសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលបានចូលរួមក្នុងការកសាងប្រទេសជាតិ មានសុខសន្តិភាពនិងរីកចម្រើនមកទល់សព្វថ្ងៃ៕