(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងថា ក្នុងនាមជាមន្ដ្រីនគរបាលយុត្តិធម៌ម្នាក់ មិនត្រូវឲ្យជនស្លូតត្រង់ ឬជនគ្មានកំហុសណាម្នាក់ រងគ្រោះដោយសារកំណត់ហេតុរបស់មន្ដ្រីដែលបានសរសេរ ដើម្បីបញ្ជូនទៅស្ថានតុលាការនោះទេ ព្រោះបើជនស្លូតត្រង់រងគ្រោះដោយសារយើងជាមន្ដ្រី ពិតជារឿងអយុត្តិធម៌ណាស់។

ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានធ្វើឡើងក្នុងឱកាសអញ្ជើញជាគណៈអធិបតីជាមួយ លោកឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ បើកវគ្គបំប៉នជំនាញ ស្តីពីក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ និងវិធានការស៊ើបអង្កេត នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ ដោយមានសិក្ខាកាមជានគរបាលចំនួន១៥៤រូប មកពីនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន និងនាយការិយាល័យគ្រប់គ្រងសន្ដិសុខឯកជន នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងយ៉ាងដូច្នេះថា «យើងទាំងអស់គ្នាជាមន្ដ្រីនគរបាលយុត្តិធម៌ ក្នុងនាមជាមន្ដ្រីនគរបាលយុត្តិធម៌ សូមឲ្យអស់លោកទាំងអស់ខិតខំធ្វើយ៉ាងណា កុំឲ្យមានជនស្លូតត្រង់ត្រូវបានរងគ្រោះដោយសារអ្វីដែលយើងធ្វើកំណត់ហេតុ ធ្វើសំណុំរឿងបញ្ជូនទៅតុលាការ។ ជៀសវាងឲ្យបានដាច់ខាតចំណុចនេះ ព្រោះបើជនស្លូតត្រង់រងគ្រោះដោយសារយើងជាមន្ដ្រី ពិតជារឿងអយុត្តិធម៌ណាស់»

នាយនគរបាលជាន់ខ្ពស់រូបនេះ បានសង្កត់ធ្ងន់ទៀតថា ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវមានអប្បកិរិយាល្អ ក្រមសីលធម៌ល្អ មានវិជ្ជាជីវៈ មានសមត្ថភាព ជាពិសេសត្រូវមាន សច្ចធម៌ និងយុត្តិធម៌ មិនលំអៀង ក្នុងការអនុវត្តការងារនីតិវិធី និងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ជៀសវៀងការចោទប្រកាន់ទៅលើជនស្លូតត្រង់រងគ្រោះ ដោយសារការអនុវត្តនីតិវិធីរបស់យើង មិនបានច្បាស់លាស់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានឲ្យដឹងថា នេះជាលើកទី៣ ក្នុងការការបើកវគ្គបំប៉នជំនាញ ស្តីពីក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ និងវិធានការស៊ើបអង្កេត ដើម្បីពង្រឹងសមត្ថភាព និងគុណភាពដល់មន្ត្រីឲ្យមានវិជ្ជាជីវៈ និងសមត្ថភាពពេលលេញ។ ដើម្បីស្របតាមផែនការយុទ្ធសាស្ត្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងផែនការសកម្មភាពរបស់នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ក្នុងគោលបំណងកសាងសមត្ថភាព និងគុណភាព ដល់មន្ត្រីនគរបាលគ្រប់គ្រងសន្តិសុខឯកជន។

ការសិក្សាគឺវាមិនដែលចប់នោះទេ យើងត្រូវតែបន្តយកចំណេះដឹងថ្មីៗ បទពិសោធន៍ថ្មី មកអភិវឌ្ឍន៍ខ្លួនឯង ដោយសារពីមួយថ្ងៃទៅមួយថ្ងៃ បទល្មើសព្រហ្មទណ្ឌ គឺវាចេះតែវិវឌ្ឍន៍ទៅៗ និងថ្មីរហូត ហេតុនេះយើងត្រូវពង្រឹងសមត្ថភាព និងការយល់ដឹងបន្ថែមទៀត ឲ្យស្របតាមសភាពការណ៍នាពេលបច្ចុប្បន្ន។ ដូច្នេះនេះលោកបានណែនាំឲ្យ សិក្ខាកាមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹង និងជំនាញនេះ យកមកអនុវត្តនៅក្នុងការងារជំនាញជាក់ស្តែងរបស់ខ្លួន។

ជំនួសមុខឲ្យថ្នាក់ដឹកនាំ នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានសម្ដែងនូវការកោតសរសើរ និងសូមធ្វើការវាយតម្លៃយ៉ាងខ្ពស់ ចំពោះការខិតខំប្រឹងប្រែង ក្រុមការងារដែលបានបន្តរៀបចំបើកវគ្គបំប៉នជំនាញនេះឡើង។ នេះក៏ជាលើកទី៣ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ធ្វើការបណ្តុះបណ្តាលបំប៉នជំនាញបន្ថែម ដល់មន្ត្រីក្រោមឱវាទ ដើម្បីញ៉ាំងឲ្យមន្ត្រីនគរបាលជាតិមានសមត្ថភាព ក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើស សម្រេចបានដោយជោគជ័យដ៏ត្រចេះត្រចង់ ដើម្បីក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

នាឱកាសនេះ លោកក៏បានក្រើនរំលឹក ដល់សិក្ខាកាមទាំងអស់ថា ថ្វីត្បិតតែវគ្គសិក្សានេះមានរយៈពេលខ្លីក៏ពិតមែន តែវាអាចជួយយើងបានច្រើន លើផ្នែកចំណេះដឹង ដែលយើងជាមន្ត្រីអនុវត្តច្បាប់ ស្របតាមតួនាទីភារកិច្ចពាក់ព័ន្ធបទល្មើសលើវិស័យសន្តិសុខឯកជន ដែលជាអ្នកស្រាវជ្រាវស៊ើបអង្កេត អនុវត្តនីតិវិធី ចាប់ខ្លួន ឃាត់ខ្លួន ឃុំខ្លួនចារី សហចារី ការផ្តល់ភស្តុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ដូច្នេះសិក្ខាកាមត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ស្វែងយល់អំពីមុខជំនាញទាំងឡាយដែលគ្រូបង្គោល បានធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈម ក្នុងការងារនីតិវិធីព្រហ្មទណ្ឌ និងវិធានការស៊ើបអង្កេត ដែលជាស្នូល និងមានសារៈសំខាន់ណាស់ ក៏ដូចដាក់បន្ទុកដល់ឧក្រិដ្ឋជន ដើម្បីផ្តន្ទាទោសតាមច្បាប់៕