(ព្រះសីហនុ)៖ លោក ប្រាក់ ចាន់រឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ អញ្ជើញផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលិកទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញាតិ្ត នៃច្បាប់ស្តីពីការងារ។

ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ និងមានការចូលរួមអភិបាលក្រុង ស្រុកទាំង៥ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នាយក ឬម្ចាស់រោងចក្រ សហគ្រាស និងគ្រឹះស្ថានក្នុងខេត្តព្រះសីហនុផងដែរ។

ក្នុងឱកាសនេះដែរ លោក ម៉ាង ស៊ីណេត បានស្វាគមន៍ការផ្សព្វផ្សាយដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ស្ថិតក្រោមបទប្បញ្ញាតិ្ត នៃច្បាប់ស្តីពីការងារក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាដល់ការរីកចម្រើនគ្រប់វិស័យ និងកំពុងប្រែមុខមាត់ថ្មីលើឆាកអន្តរជាតិ។

លោកបានបន្តថា ទន្ទឹមនឹងការរីកចម្រើនឥតឈប់ឈរប្រព័ន្ធសន្តិសុខសង្គម គឺជាកត្តាសំខាន់ ដើម្បីសម្រេចបាននូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលឆ្នាំ ២០១៦-២០២៥ ដែលប្រែក្លាយឋានៈរបស់កម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប្រព័ន្ធសន្តិសុខសង្គម ជាប្រព័ន្ធសម្រាប់គ្រប់គ្រងកម្មវិធីសន្តិសុខសង្គមដែលរៀបចំឡើងដើម្បីជួយដល់ប្រជាជនក្នុងការការពារពួកគាត់ នៃការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូលដែលបណ្ដាលមកពីជំងឺ លំហែមាតុភាព គ្រោះថ្នាក់ការងារ និកម្មភាព ទុព្វលភាព ជរាភាព ចូលនិវត្តន៍ និងមរណភាព អ្នកដែលរកចំណូលសម្រាប់គ្រួសារ។

អភិបាលរងខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញនូវសកម្មភាពការងារផ្សេងៗ និងចូលរួមយ៉ាងសកម្មលើការងារសង្គម ព្រមទាំងបានគៀគរប្រមូលវិនិយោគិនជាច្រើននាក់បានផ្ដល់ការងារដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្ត។

ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានសំណូមពរអស់លោក លោកស្រីចូលរួមត្រង់ត្រាប់ស្ដាប់ការធ្វើបទបង្ហាញរបស់ក្រុមការងារនឹងចូលរួមផ្តល់ជាមតិយោបល់ឱ្យបានផុសផុល ដើម្បីជាមូលដ្ឋានក្នុងការចូលរួមអភិវឌ្ឍ និងលើកកម្ពស់ប្រព័ន្ធសន្តិសុខសង្គម ក្នុងគោលបំណងសម្រេចបាននូវក្របខ័ណ្ឌគោលនយោបាយជាតិ គាំពារសង្គមឆ្នាំ២០១៦-២០២៥ របស់រាជរដ្ឋាភិបាល។

ក្នុងនោះដែរលោក ប្រាក់ ចាន់រឿន បានឱ្យដឹងថា វគ្គផ្សព្វផ្សាយគឺជាយុទ្ធនាការ៩០ថ្ងៃ ក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាអត្តប្រយោជន៍សិទ្ធិ និងកាតព្វកិច្ចរវាងបងប្អូនកម្មករ និយោជិត និងនិយោជក រួមទាំងការទទួលបានពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ជាវិធីមួយដ៏មានអត្ថន័យ និងជាប្រវត្តិសាស្រ្ត នៃវិស័យសន្តិសុខសង្គមប្រទេសកម្ពុជា។ បញ្ហានេះត្រូវបានគិតគូរពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុម័តច្បាប់ ស្តីពីរបបសន្តិសុខសង្គមកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយកំណត់ឱ្យបេឡាជាតិសន្តិសុខសង្គមហៅកាត់ថា (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាល គឺជាស្ថាប័នប្រតិបត្តិករតែមួយគត់អនុវត្តរបបសន្តិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជា រួមមានផ្នែកហានិភ័យការងារ ផ្នែកថែរទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្ម ភាពការងារ ហើយមកដល់ពេលនេះ យើងបានអនុវត្តរបបសន្តិសុខសង្គមចំនួន៣ រួមមាន៖

*ទី១៖ ផ្នែកហានិភ័យការងារអនុវត្តនៅឆ្នាំ២០០៨
*ទី២៖ ផ្នែកថែទាំសុខភាពអនុវត្តនៅឆ្នាំ២០១៦
*ទី៣៖ ផ្នែកប្រាក់សោធនដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ថ្មីៗនេះ ហើយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់កម្មករ និយោជិតក្នុងវិស័យឯកជន គឺជាជំហានថ្មីមួយទៀតដែលជា «ជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា» និងជាចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំប្រកបដោយចីរភាព និងបរិយាប័ន្ន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ ជាពិសេសការបង្ការហានិភ័យខ្ពស់ នៃការធ្លាក់ចូលក្នុងភាពក្រីក្រនៅ ពេលចូលដល់វ័យចាស់ជរា៕