(ព្រះសីហនុ)៖ ក្រោយពីអាជ្ញាធរខេត្តព្រះសីហនុ និងអង្គភាពពាក់ព័ន្ធ បានរួមគ្នាដោះស្រាយបញ្ហាដោយយកចិត្តទុកដាក់ និងមានកិច្ចសហការសម្របសម្រួលគ្រប់នីតិវិធីរួចមក មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈខេត្ត បានទទួលមូលប្បទានបត្រ ដើម្បីបើកជាសាច់ប្រាក់ និងរៀបចំទូទាត់បើកប្រាក់បំណាច់ផ្តាច់កិច្ចសន្យាការងារ ជូនអតីតកម្មករនិយោជិតទាំងអស់ ដែលធ្វើការនៅក្នុងក្រុមហ៊ុនកាស៉ីណូ តុងហ្វាង ប៉ាលីរិន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ចាប់ពីម៉ោង ១៤៖០០ នាទីរសៀលតទៅ នៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ។

សេចក្តីជូនដំណឹងដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃនេះ បញ្ជាក់ថា អតីតកម្មករនិយោជិតទាំងអស់ភ្ជាប់មកជាមួយ៖

១៖ ប័ណ្ណថតចម្លងមួយច្បាប់ នូវអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់អត្តសញ្ញាណផ្សេងៗដែលមានតម្លៃស្មើ
២៖ កាត ឬប័ណ្ណសម្គាល់ការងារ (កាស៉ីណូ តុងហ្វាង ប៉ាលីរិន)
៣៖ ករណីមានការបើកប្រាក់ជំនួស សូមភ្ជាប់មកជាមួយលិខិតផ្ទេរសិទ្ធិដែលមានស្នាមមេដៃ។

សូមជម្រាបថា ក្រុមហ៊ុនកាស៉ីណូ តុងហ្វាង ប៉ាលីរិន ដែលមានទីតាំងស្ថិតនៅក្រុម១៣ ភូមិ១ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ គឺបានផ្អាកដំណើរការតាំងពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ដោយមានករណីផ្ទុះអាវុធកើតឡើង បណ្តាលឲ្យបុរសជនជាតិចិន ០២នាក់ ស្លាប់បាត់បង់ជីវិត៕