(ស្វាយរៀង)៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានស្នើអភិបាលខេត្តស្វាយរៀង ជួយរកដីមួយកន្លែង ដើម្បីបង្កើតឱ្យមានតំបន់ឧស្សាហកម្ម សិប្បកម្មក្នុងស្រុក ដែលអាចកាត់បន្ថយការនាំចូលផលិតផលពីប្រទេសជិតខាង។

ការស្នើបែបនេះរបស់លោកឧកញ៉ា តែ តាំងប៉ បានធ្វើឡើងនៅក្នុងកម្មវិធីសិក្ខាសាលាស្តីពី ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យនាសាលប្រជុំសណ្ឋាគារទន្លេវៃគោ នាព្រឹកថ្ងៃទី១៨ ខែសីហាឆ្នាំ២០២២ ដោយមានការចូលរួមពីលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តព្រមទាំងលោក លោកស្រីជាប្រធានមន្ទីរក្នុងខេត្ត និងអ្នកដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។

ជាមួយគ្នានេះ ឧកញ៉ា តែ តាំងប៉ ក៏បានអំពាវនាឱ្យមានការគាំទ្រ និងជំរុញសិប្បកម្មក្នុងស្រុកបន្ថែមទៀត ដើម្បីឱ្យសហគ្រាសក្នុងស្រុកមានលទ្ធភាពក្នុងការផលិត មានប្រាក់ចំណេញ ជាពិសេសបង្កើតការងារជូនពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ។

លោកឧកញ៉ា ក៏បានបន្ថែមថា គោលបំណងនៅក្នុងសិក្ខាសាលា ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យនេះ ដើម្បីចង់ឱ្យសហគ្រាសធន់តូចមធ្យម ជាពិសេសផ្នែកកម្មន្តសាលអ្នកផលិតឱ្យបានយល់ដឹងអំពីនីតិវិធីរដ្ឋាភិបាល ដោយមានមន្ត្រីពន្ធដារ គយ និងសវនកម្មចូលរួមធ្វើបទបង្ហាញឱ្យបានយល់ដឹងពាក់ព័ន្ធទៅនឹងពន្ធដារ និងសវនកម្ម គយ ជាដើម។

លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា៖ «ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា សូមស្នើដល់រដ្ឋបាលខេត្ត រាជធានីទូទាំងប្រទេស ក៏ដូចជាខេត្តស្វាយរៀង សូមឱ្យបង្កើតតំបន់ឧស្សាហកម្មមួយ ឱ្យអ្នកផលិតបានចូលទៅក្នុងតំបន់ និងងាយស្រួលក្នុងការប្រមូលផ្ដុំ ដើម្បីឱ្យរាជរដ្ឋាភិបាលលើកទឹកចិត្ត ដល់អ្នកផលិត ក្នុងនោះក៏ដើម្បីកែច្នៃផលិតផលកសិកម្ម ឱ្យក្លាយទៅជាផលិតផល ចំណីអាហារដែលបានជំរុញឱ្យអ្នកផលិត ក្នុងស្រុកមានប្រាក់ចំណេញបន្ថែម បើយើងមិនធ្វើអញ្ចឹងទេ យើងគិតតែនាំចូលពីក្រៅ អត់មានអ្វីជួយដល់សហគ្រាសធុនតូច និងមធ្យមនោះទេ។ដូច្នេះសូមស្នើដល់អភិបាលខេត្តស្វាយរៀង ជួយរកដីមួយកន្លែង ដើម្បីបង្កើតឱ្យមានសិប្បកម្មក្នុងស្រុក ដែលវាអាចជួយសម្រួលដល់អ្នកផលិតបានច្រើន»

លោកឧកញ៉ា តែ តាំងប៉ បានបន្ថែមថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាច្រើនណាស់ ដែលកំពុងត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការជួយជ្រោមជ្រែងមន្ថែមទៀត ទាំងផ្នែកបច្ចេកទេស ផ្នែកទីផ្សារ ក៏ដូចជាធនធានហិរញ្ញវត្ថុដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់។ ដោយមានសហការជាមួយធនាគារព្រីនស៍ ក្រុមហ៊ុនមិត្តហ្វូន និងអង្គការតម្លាភាពកម្ពុជា។

បន្ថែមពីនេះ លោកឧកញ៉ា តែ តាំងប៉ បានបន្តថា សិក្ខាសាលានេះក៏មានគោលបំណងដើម្បីជួយជំរុញគាំទ្រដល់ការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីស្នើសុំការគាំទ្រហិរញ្ញវត្ថុ ហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ និងធនាគារដៃគូរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដទៃទៀត។ សិក្ខាសាលានេះបានធ្វើរួចហើយចំនួន២២ខេត្តនឹងបន្តធ្វើឱ្យគ្រប់ ២៥ រាជធានីខេត្ត ដើម្បីជួយឱ្យសហគ្រាសធុនតូច និងមធ្យមទាំងអស់ទទួលបានថវិកាសម្រាប់អភិវឌ្ឍសហគ្រាសរបស់ខ្លួនផងដែរ។

លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់លោកឧកញ៉ាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលបានសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្តរៀបចំកម្មវិធីសិក្ខាសាលានេះឡើង ដើម្បីជាប្រយោជន៍ដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម នៅក្នុងខេត្តស្វាយរៀងទាំងមូល។

លោកបានបញ្ជាក់ថា នៅក្នុងខេត្តស្វាយរៀង មានសហគ្រាសធុនតូច និងមធ្យមជាច្រើនដែលកំពុងត្រូវការចំណេះដឹងថ្មីៗបន្ថែមទៀត ក៏ដូចជាត្រូវការជួយជ្រោមជ្រែងបន្ថែមទាំងផ្នែកបច្ចេកទេសផ្នែកទីផ្សារ ក៏ដូចជាធនធានហិរញ្ញវត្ថ ដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់ឱ្យកាន់តែរីកចម្រើន។

ជាមួយគ្នានេះ លោកអភិបាលរងខេត្តស្វាយរៀង បានគូសបញ្ជាក់ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ ដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងអស់ នឹងបានលើកទឹកចិត្តឱ្យមានការយល់ដឹងលើការរៀបចំខ្លួន ឱ្យបានសមស្រប និងនីតិវិធីក្នុងការទទួលបានហិរញ្ញប្បទាន ពីធនាគារជាពិសេសកម្ចី ពីធនាគារដៃគូរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងនាម លោកអភិបាលខេត្ត និងក្នុងនាមលោកផ្ទាល់ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់សហគ្រាសធុនតូច និងមធ្យមដែលមានវត្តមានក្នុងអង្គសិក្ខាសាលានេះនឹងទទួលបានចំណេះដឹងថ្មីៗ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការគ្រប់គ្រងអាជីវកម្មឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕