(សៀមរាប)៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងនាមប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានណែនាំឱ្យម្ចាស់ដេប៉ូលក់គ្រឿងសំណង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរទាំងអស់ ត្រូវបញ្ឃប់ការលក់ដូរសម្ភារគ្រឿងសំណងនៅក្នុងតំបន់ ដើម្បីចូលរួមបញ្ចៀសការសាងសង់សំណង់ខុសច្បាប់តទៅទៀត។
ការបញ្ជាដាច់ណាត់បែបនេះធ្វើឡើងក្នុងឱកាសបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលបានសម្រេចបង្កើតសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងនៃអាជ្ញាធរជាតិអប្សរា ដែលមានកម្លាំងចូលរួមសរុប ៧៧៩នាក់ ចែកចេញជា ៣២ក្រុម ក្នុងនោះមានមន្ត្រីក្រសួងរៀបចំដែនដីចំនួន ៤៣៩រូប ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចំនួន២៣២រូប និងមន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាបចំនួន១០៨រូប។ យុទ្ធការទ្រង់ទ្រាយធំនេះមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះតទៅ។
យុទ្ធនាការនេះដែរ ធ្វើឡើងក្នុងបំណងរក្សាការពារតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកលនៃសម្បត្តិបេតិកភណ្ឌពិភពលោកសម្រាប់មនុស្សជាតិទាំងមូល។
ក្នុងឧទ្យានជាតិអង្គរសព្វថ្ងៃមានសំណង់ខុសច្បាប់ជាង ៨,០០០ករណី។ រយៈពេល ៣ខែចុងក្រោយនេះ សំណង់ខុសច្បាប់ថ្មីកើតឡើងសរុប ៣៩៨ករណី ក្នុងនោះបានរុះរើចេញជាង ២០០ករណី។
នៅពេលចាប់ផ្ដើមអនុវត្តយុទ្ធនាការនេះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានដាក់លក្ខខណ្ឌដាច់ណាត់ឱ្យម្ចាស់សំណង់ខុសច្បាប់ទាំងអស់ត្រូវរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួន។ ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាត្រូវបន្តចាត់វិធានការទប់ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីនិងផ្ទះគ្រប់ប្រភេទ និងមិនផ្តល់លិខិតគតិយុត្តផ្សេងៗនៅក្នុងតំបន់រមណីយដ្ឋានអង្គរជាដាច់ខាត។ លោកបានព្រមានចាត់វិធានការច្បាប់ចំពោះអ្នកចេញតវ៉ាការពារសំណង់ខុសច្បាប់ទាំងនេះផងដែរ។
ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យម្ចាស់ដេប៉ូលក់គ្រឿងសំណង់នៅក្នុងតំបន់រមណីយដ្ឋានអង្គទាំងអស់ ត្រូវបញ្ឃប់ការលក់ដូរសម្ភារគ្រឿងសំណងនៅក្នុងតំបន់បេតិកភណ្ឌនេះ ដែលជាការចូលរួមបញ្ជៀសការសាងសង់សំណង់ខុសច្បាប់តទៅទៀត។
គួរជម្រាបថា តំបន់រមណីយដ្ឋានអង្គរដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២នោះ មានទំហំផ្ទៃដីសរុប ៤០១គីឡូម៉ែត្រក្រឡា គ្របដណ្ដប់លើក្រុង/ស្រុកចំនួន៦ នៃខេត្តសៀមរាប មានក្រុងសៀមរាប ស្រុកអង្គរធំ ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកពួក និងស្រុកវ៉ារិន ជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវរក្សាការពារដាច់ខាត មិនអាចកាត់ឆ្វៀលបានឡើយ៕