(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមយុវជន សិស្សានុសិស្ស មន្ត្រីរាជការ និងមានការចូលរួមពីប្រជាពលរដ្ឋ ចូលរួមដាំកូនឈើធ្នង់ចំនួន២០០ដើម នៅភ្នំត្រងោលដើម្បីលើកស្ទួយបរិស្ថាន ដែលជាអំណោយសប្បុរសធម៌លោកបណ្ឌិត ម៉ុង ប្ញទ្ធី។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានឲ្យដឹងថា ការរៀបចំដាំកូនឈើធ្នង់នេះដោយមានការចង្អុលបង្ហាញពី លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ហើយក៍ចង់បញ្ជាក់មិនឲ្យម្ចាស់ឧបត្ថម្ភកូនឈើខកបំណងដែរដូច្នេះ អាជ្ញាធរ ត្រូវបំពេញកាតព្វកិច្ចនេះឲ្យបានទាន់ពេលវេលានារដូវវស្សានេះ។

លោក ហាក់ ឡេង បានបន្ដថា ដើម្បីហេដ្ឋារចនាសម្ព័ន្ធរម្មណ៍ដ្ឋានលើវិស័យទេសចរណ៍ និងថែរក្សាអេកូបរិស្ថានទេចរណ៍ នៅកំពូលភ្នំត្រងោយឲ្យមានសោភ័ណ្ឌភាពក្នុងការទាក់ទាញលើផ្នែកវិស័យទេសចរណ៍នៅថ្ងៃនេះអាជ្ញាធរស្រុកបូទុមសាគរបានដឹកនាំយុវជនសិស្សានុសិស្សមន្ត្រីរាជការនិងប្រជាពលរដ្ឋចូលរួមដាំកូនឈើធ្នង់ចំនួន២០០ដើមដែជាអំណោយសប្បុរសធម៌ពីលោកបណ្ឌិត ម៉ុង ប្ញទ្ធី។

លោក ហាក់ ឡេង បានបន្ថែមថា លោកមានសេចក្តីសោមនស្សរីករាយក្រៃលេងដោយមើលឃើញនៅសកម្មភាព ក្រុមយុវជនសិស្សានុសិស្ស មន្ត្រីរាជកា និងប្រជាពលរដ្ឋចូលរួមយ៉ាងសកម្ម ក្នុងការដាំកូនឈើនៅលើកំពូលភ្នំត្រងោល ដែលស្ថិតនៅភូមិសាស្រ្តស្រុកបូទុមសាគរខេត្តកោះកុង។

លោកអភិបាលស្រុករូបនេះបានបន្តទៀតថា ដើមឈើមានអត្ថប្រយោជន៍យ៉ាងខ្លាំងនៃការរស់នៅរបស់មនុស្សសត្វ និងកាត់បន្ថយគ្រោះធម្មជាតិជាពិសេសបរិស្ថានធម្មជាតិ អាចកាត់បន្ថយភាពក្រីក្រក្នុងជីវភាពគ្រួសារ បានមួយកំរិត ផងដែរ។

បន្ថែមពីនេះ លោកបានអំពាវរនាវ សូមឲ្យប្រជាពលរដ្ឋស្រលាញ់ និងថែរក្សាបរិស្ថានកុំកាប់បំផ្លាញព្រៃឈើ ហើយចូលរួមដាំកូនឈើឲ្យបានក្នុង១នាក់ បានដើមពីព្រោះដើមឈើមានអត្ថប្រយោជន៍ដល់យើងគ្រប់ៗគ្នា។ លោកបានបញ្ជាក់ថា នៅលើកំពូលភ្នំត្រងោលនេះ អាជ្ញាធរមានគម្រោងសាងសង់ទីវត្តអារាម ដើម្បីឧបាស័កឧបាសិកា ជាទីសក្ការៈគោរពបូជាផងដែរ៕