(ភ្នំពេញ)៖ ៦ខែ ឆ្នាំ២០២២នេះ សមត្ថកិច្ចបានបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ចំនួន៧៤ករណី ថយចុះ១២៤ករណី បើធៀបនឹងឆ្នាំមុន។ នេះបើតាម លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។

ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារអន្តរក្រសួង ស្ថាប័នទាំង៦ និងក្រសួង-ស្ថាប័នជាសមាជិក គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោកស្រី ជូ ប៊ុនអេង បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរ មន្ទីរពាក់ព័ន្ធ បានសហការជាមួយអង្គការដៃគូ ផ្សព្វផ្សាយស្ដីពីការទប់ស្កាត់អំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព សរុបចំនួន ៥២.៨០២លើក មានអ្នកចូលរួម ២.៣១២.៧៧៣នាក់ បានកើនឡើងជាង ៣០.០០០នាក់ ធៀបនឹងឆ្នាំ២០២១។

លោកស្រីបន្តថា «ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ សមត្ថកិច្ចបានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទចំនួន៧៤ករណី ថយចុះ១២៤ករណី ធៀបនឹងឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន៨៣នាក់ អនីតិជន៧នាក់ ក្នុងនោះជនសង្ស័យជាជនបរទេសមាន១២នាក់ ស្មើ៤សញ្ជាតិ។ សមត្ថកិច្ច ក៏បានសង្គ្រោះជនរងគ្រោះ១៥៦នាក់ ក្នុងនោះស្រី១០៥នាក់ អាយុក្រោម១៥ឆ្នាំ៦០នាក់»

ក្នុង៦ខែដើម ឆ្នាំ២០២២នេះដែរ សាលាដំបូងរាជធានី-ខេត្ត បានធ្វើចំណាត់ការលើបទល្មើសក្រោមច្បាប់ស្ដីពីការង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដោយជាលទ្ធផលមាន៣ដំណាក់កាល គឺដំណាក់កាលអយ្យការអមសាលាដំបូង សរុប១៩៥សំណុំរឿង មានជនត្រូវចោទ១១១នាក់, ដំណាក់កាលចៅក្រមស៉ើបសួរ មាន១៧៨សំណុំរឿង មានជនត្រូវចោទ២៥០នាក់ និងដំណាក់កាលចៅក្រមជំនុំជម្រះមាន២៨០សំណុំរឿង មានជនត្រូវចោទ៣៤៨នាក់។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ក្នុងតំបន់ និងអន្តរជាតិ។ សម្ដេចក្រឡាហោម ក៏បានលើកឡើងអំពីទំនាក់ទំនងក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរវាងកម្ពុជា និងអាមេរិក និងបានណែនាំឱ្យតាមដានរាល់ការផ្សព្វផ្សាយព័ត៌មានផ្សេងៗ ដែលអាចពាក់ព័ន្ធអំពើជួញដូរមនុស្សដើម្បីមានវិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងបំភ្លឺ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរក្រុមការងារចំណុះលេខាធិការដ្ឋាន គ.ជ.ប.ជ ចំពោះលទ្ធផលដែលសម្រេចបានក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២នេះ និងថាបើទោះបីជាបានសម្រេចកិច្ចការជាច្រើនហើយក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមជាច្រើនទៀតដែលត្រូវបន្តរួមគ្នាដោះស្រាយ។ សម្ដេចក្រឡាហោម ក៏បានណែនាំឱ្យចម្លងលទ្ធផលលម្អិតនៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ ដាក់ជូនថ្នាក់ដឹកនាំក្រសួងស្ថាប័នផ្សេងៗទៀតផងដែរ៕