(ភ្នំពេញ)៖ សម្រាប់ការសិក្សាភាសាប្រទេសជិតខាងទៅវិញទៅមកនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នៅសាកលវិទ្យាល័យភាគខាងត្បូង នៃប្រទេសវៀតណាម មានការបង្រៀនភាសាខ្មែរដែរ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ធ្វើសន្និសីទសារព័ត៌មាន ស្តីពីការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលក្នុងនោះ មានដេប៉ាតឺម៉ង់សិក្សាវៀតណាមផងដែរ នៅទីស្តីការក្រសួងអប់រំ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ។

រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «ការបង្រៀនភាសាខ្មែរ នៅប្រទេសវៀតណាម, នៅប្រទេសវៀតណាម គេក៏មានសាកលវិទ្យាល័យភាគខាងត្បូង នៃប្រទេសវៀតណាម មានសាកលវិទ្យាល័យវៀតណាម ដែលមានបង្រៀនភាសាខ្មែរដែល»

បន្ថែមពីនោះទៀត រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានឲ្យដឹងថា នៅតាមខេត្តមួយចំនួន នៃប្រទេសវៀតណាម ក៏មានកន្លែងមជ្ឈមណ្ឌលខ្លះ ក៏បង្រៀនភាសាខ្មែរដែល ដោយសារតែមានពលរដ្ឋ ដែលមានជាតិសាសន៍ជាខ្មែរ រស់នៅទីនោះ ដែលពួកគាត់នៅតែរក្សាប្រពៃណីទំនៀមទម្លាប់ និងភាសាខ្មែរដដែល។

គូសបញ្ជាក់ផងដែរថា នាថ្មីៗនេះ មានការប្រតិកម្មមួយចំនួន របស់ប្រជាពលរដ្ឋខ្មែរ នៅពេលទទួលបានព័ត៌មានថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងបើកបង្រៀនឯកទេសភាសាវៀតណាម។

ឆ្លើយតបនឹងការប្រតិកម្មនេះ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) លោកបណ្ឌិត ជេត ជាលី បានគូសបញ្ជាក់ថា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មិនមែនបង្រៀនតែឯកទេស ភាសាវៀតណាមប៉ុណ្ណោះទេ តែក៏បានបង្រៀនឯកទេសភាសាបារាំង អង់គ្លេស ជប៉ុន កូរ៉េ ចិន និងថៃ ហើយក៏គ្រោងបើកបង្រៀនឯកទេសភាសាផ្សេងៗទៀតផងដែរ។

លោកសាកលវិទ្យាធិការ បានសង្កត់ធ្ងន់ថា ការចេះភាសារបស់ប្រទេសណាមួយមិនមែន ជារឿងអត់ប្រយោជន៍ទេ ហើយក៏ជួយឲ្យយល់ដឹងពីប្រទេសនោះកាន់តែច្បាស់ផងដែរ។

បើតាមអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ការបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាបរទេសនៅកម្ពុជា មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ ជាមួយបណ្តាប្រទេសជាមិត្ត តាមរយៈការលើកកម្ពស់ការរៀន និងបង្រៀន នៅកម្រិតឧត្តមសិក្សា និងទិដ្ឋភាពពាក់ព័ន្ធដទៃទៀត។ លោក រស់ សុវាចា បានឲ្យដឹងទៀតថា តាំងពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០២១ មានខ្មែរទទួលបានអាហាររូបករណ៍នៅវៀតណាម ចំនួន ៣,៩៦៧នាក់ ស្រី ៥១៨នាក់។

ការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមនេះ ក៏ជាការផ្តល់ឱកាសឲ្យនិស្សិត ទទួលបានអាហារូបករណ៍ បានរៀនសូត្រភាសាវៀតណាម មុននឹងចេញទៅរៀននៅវៀតណាម ដើម្បីបង្កភាពងាយស្រួលដល់ពួកគេ ក្នុងការសិក្សានៅប្រទេសវៀតណាមផងដែរ៕