(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ប្រទេសកម្ពុជា គឺជារដ្ឋអធិបតេយ្យមួយ ហេតុនេះការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មិនមែនធ្វើតាមការបង្គាប់បញ្ជាពីវៀតណាមនោះទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការក្រសួងអប់រំ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោករដ្ឋមន្ត្រីថ្លែងបែបនេះថា «កម្ពុជា គឺជាប្រទេសអធិបតេយ្យ ដូច្នេះការចង់បង្កើតអ្វីមួយ យើងមិនមែនធ្វើតាមសំណើ ឬសំណូមពររបស់នរណាមួយទេ គឺទៅតាមតម្រូវការរបស់យើង ហើយយើងធ្វើគឺបំពេញតាមតម្រូវការរបស់យើងទេ។ ដូច្នេះភាគីវៀតណាម មិនអាចបង្គាប់បញ្ជាមកលើយើង ក្នុងការធ្វើអ្វីមួយទេ»

បើតាមលោក ហង់ជួន ណារ៉ុន ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្ថិតក្នុងការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្រៅពីការសិក្សាភាសាវៀតណាម ដោយមានការបង់ថ្លៃនេះ ក៏មានការភាសាថៃ និងភាសាអន្តរជាតិផ្សេងទៀតផងដែរ។

ការបញ្ជាក់របស់ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើឡើងបន្ទាប់ពីមានជនមួយចំនួនបានរិះគន់ចំពោះការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជុំវិញបញ្ហាន លោកបានបញ្ជាក់បន្ថែមថា មានបុគ្គលមួយចំនួនបានយល់ច្រឡំថា ជាការបញ្ចូលភាសាវៀតណាម ទៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប៉ុន្តែវាគ្រាន់តែជាការសិក្សាភាសាវៀតណាម ដែលមានការបង់ថ្លៃប៉ុណ្ណោះ។

បើតាម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបណ្ឌិត ជេត ជាលី បានគូសបញ្ជាក់ថា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មិនមែនបង្រៀនតែឯកទេសភាសាវៀតណាមប៉ុណ្ណោះទេ តែក៏បានបង្រៀនឯកទេសភាសាបារាំង អង់គ្លេស ជប៉ុន កូរ៉េ ចិន និងថៃ ហើយក៏គ្រោងបើកបង្រៀនឯកទេសភាសាផ្សេងៗទៀតផងដែរ។ លោកសាកលវិទ្យាធិការ បានសង្កត់ធ្ងន់ថា ការចេះភាសារបស់ប្រទេសណាមួយមិនមែនជារឿងអត់ប្រយោជន៍ទេ ហើយក៏ជួយឱ្យយល់ដឹងពីប្រទេសនោះកាន់តែច្បាស់ផងដែរ៕